(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ រៀបចំធ្វើក្រោមមូលបទ «ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា កិច្ចសន្ទនាទំនុកចិត្ត និងភាពជាដៃគូ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ជាលទ្ធផលកិច្ចប្រជុំដែលមានប្រតិភូសភា ៦៦ប្រទេស និងអង្គការចំនួន១៣ បានចេញសេចក្តីថ្លែងការណ៍ចំនួន១៨ចំណុច និយាយពីការពង្រឹងពង្រីក វិស័យការទូតសភាក្នុងការដោះស្រាយបញ្ហារួមមួយចំនួនទាក់ទងសន្តិសុខ សង្គមសេដ្ឋកិច្ច បច្ចេកវិទ្យាជាដើម។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំឱ្យបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភា បើកចំហរកិច្ចសន្ទនា ដោយភាពស្មោះត្រង់ និងជឿជាក់ដើម្បីដោះស្រាយបញ្ហារួមក្នុងការស្វែងរកសេចក្តីសុខ ការអភិវឌ្ឍដោយចីរភាព ជូនប្រជាពលរដ្ឋនៅទូទំាងពិលោក។

សម្តេចបានចែករំលែកពីយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលនាំមកនូវការបញ្ចប់សង្រ្គាម ហើយទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដល់កិច្ចប្រជុំផងដែរ។ ក្រៅពីនេះកំឡុងចូលរួមកិច្ចប្រជុំនេះ សម្តេចបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភា កាហ្សាក់ស្ថាន និងរដ្ឋសភាវៀតណាម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់វិស័យការទូតសភាកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានរដ្ឋសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤នេះ មានប្រតិភូសភាក្នុងតំបន់ទំាងពីរប្រមាណ៦៦ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាចំនួន១៣ទៀត។ កិច្ចនេះ ផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ា សហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ សម្រាប់ការពិភាក្សាលើប្រធានបទ នៃកិច្ចសហប្រតិបត្តិការ រវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ អាស៊ីនិងអឺរ៉ុប ក៏ដូចជាពិភពលោកទំាងមូល៕