(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET ដែលបានប្រារព្ធធ្វើនៅក្នុងភូមិឬស្សីដូច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោក អម សុភា អភិបាលរងខេត្ត, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, នាយកកម្មវិធី ASPIRE និងគម្រោង S-RET តំណាងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) អភិបាលស្រុក-ឃុំ វិស័យឯកជន និងកសិករចំនួនប្រមាណ២០០នាក់។
លោកប្រធានគម្រោង បានរាយការណ៍ជូនអង្គពិធីជ្រាប អំពីកម្មវត្ថុរបស់គម្រោង និងលទ្ធផលសម្រេចបាន ជាបន្តបន្ទាប់លោកអភិបាលរងខេត្ត លោកតំណាងអង្គការ IFAD តំណាងឲ្យវិស័យឯកជន ដែលជាអ្នកចុះកិច្ចសន្យា ប្រមូលទិញ រួមទាំងលោកពូ គង់ ឃី ផងដែរ បានធ្វើចំណាប់អារម្មណ៍ដោយសង្ខេបពាក់ព័ន្ធ នឹងសកម្មភាពរបស់គម្រោង ដំណើរការអនុវត្តគោលដៅ ការរំពឹងទុកនិងចុងក្រោយ គឺចំណូលក្នុងគ្រួសារ -ល-។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ IFAD ដែលបានផ្តល់ហរិញ្ញប្បទាន និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ការខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តកម្មវិធី និងគម្រោងទាំងពីរ S-RET និង ASPIRE ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ពិពិធកម្មកសិកម្ម ធុរកិច្ចកសិកម្ម នរវានុវត្តន៍ និងបរិយាប័ន ស្របតាមយុទ្ធសាស្រ្តអភវិឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបង្កើនផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចីរភាព និងនិរន្តរភាព នៃសេដ្ឋកិច្ចគ្រួសារ និងការបន្ថយការនាំចូល។
លោករដ្ឋមន្រ្តីកសិកម្ម បានបន្តទៀតថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍវិស័យឯកជន និងភាគីពាក់ព័ន្ធ ធ្វើឲ្យវិស័យផលិតកម្មបន្លែគ្រប់ប្រភេទ មានការវិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់រហូតឈាន ដល់ធ្វើការផ្គត់ផ្គង់ក្នុងស្រុក នូវបន្លែសុវត្ថិភាព និងសរីរាង្គ និងធ្វើការនាំចេញទៅកាន់ទីផ្សារ EU ផងដែរ។ សមិទ្ធផលទាំងអស់នេះ និងជាពិសេសតាមរយៈចំណូល របស់លោកពូ គង់ ឃី និងកសិករផ្សេងៗទៀត ជាក្តីមោទនភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដោយសារយើងអាចព្យាករណ៍ បានថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិតជាអាចសម្រេចបាន។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី វេង សាខុន ស្នើសុំឲ្យដៃគូអភិវឌ្ឍវិស័យឯកជន និងសហគមន៍កសិកម្ម ត្រូវចូលរួមសហការខិតខំសិក្សាស្រាវជ្រាវ លើការងារបច្ចេកទេសទាក់ទងការដាំ ថែទាំ ប្រមូលផល កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក និងទីផ្សារបន្ថែមទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដើម្បីគោលបំណងធំមួយ គឺបង្កើនផលិតភាពផលិតកម្ម បង្កើនចំណូល កែប្រែជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ៕