Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្ដបទុមវតី (Video inside)

26-09-2019 15:25

(ភ្នំពេញ)៖ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងឱកាសកាន់បិណ្ឌទី១៣ នៅវត្តបទុមវតី សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មហាឧបាសិកា ប៊ុន ស៊ាងលី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា បានរាប់បាត្រ វេរប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន ដូចជា៖ ទឹកក្រូច ៥០កេស, ទឹកសណ្ដែក ២០កេស, ទឹកត្រឡាច១៥កេស, ទឹកគូលែន១៥កេស, ទឹកសុទ្ធអារ៉ូណា ៥០កេស, ទឹកដោះគោខាប់៥កេស, កាកាវ ៥កេស, ស្ករស២០គីឡូក្រាម តែ១០គីឡូក្រាម, នំចិន​ ២ថាស, មៀនកំប៉ុង ៥កេស, ត្រីខ ៥កេស, មី៥កេសធំ, អង្គរ៥០០គីឡូក្រាម, ត្រីងៀត ៣០គីឡូក្រាម ចំនួនពីរកន្ដ្រក, សាច់ក្រក៣០គីឡូក្រាម ចំនួ​ន២កន្រ្ដក,​ ក្រណាត់សរ និងថវិកា២ម៉ឺនរៀល ជូនដល់តាជីយាយជី និងពុទ្ធបរិស័ទចំនុះជើងវត្ដផងដែរ។

លើសពីនោះ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលី ប្រគេនបច្ច័យ ១ម៉ឺនដុល្លារអាមេរិក និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន ២០លានរៀលដើម្បីកសាង និងកែលម្អសមិទ្ធផលក្នុងវត្ត ឲ្យសក្តិសម ជាទីកន្លែងគោរពបូជា របស់ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ៗរូបផងដែរ។

មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន ស៊ាងលី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបុព្វការីជន ដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩៕