(ព្រះវិហារ)៖ អគារសាលប្រជុំ របស់កងពលតូចអន្តរាគមន៍លេខ៩ ចំណុះឲ្យកងពលធំលេខ៣ ឈរជើងនៅភូមិសែនរុងរឿងទី១ ឃុំទឹកក្រហមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលប្រជុំ កងពលតូចអន្តរាគមន៍លេខ៩ ខាងលើនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអស់ លោក-លោកស្រី ជាអភិបាល អភិបាលរងខណ្ឌទាំង១៤, ប្រធាននិងអនុប្រធានមន្ទីរ ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ឌួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានគូសបញ្ជា្កក់ថា ជំនួយនៃសម្ព័ន្ធមេត្រីភាព រវាងកងពលតូចអន្តរាគមន៍លេខ៩ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកងពលប្រើប្រាស់ ថែរក្សាការពារបានយ៉ាងល្អ និងចំគោលដៅបំរើផលប្រយោជន៍អង្គភាព ប្រកបដោយតម្លាភាពធ្វើ ឲ្យម្ចាស់ជំនួយមានមោទនៈភាព និងរីករាយសកម្មបន្តសម្ព័ន្ធមេត្រីភាព ជាមួយអង្គភាពបន្តទៀត។
លោកឧត្តមសេនីទោ បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រពៃណីសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពផ្សេងៗទៀត បានបន្តការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារគ្រឿងចក្រ ថវិកា ស្បៀងអាហារជាច្រើនទៀត។
ក្នុងឱកាសនោះ នាយទាហាន នាយទាហានរង និងពលទាហាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងដាច់ខាត៖
* ការពារបុរណៈភាពទឹកដី
* ការពារសន្តិភាពសេចក្តីសុខសាន ការអភិវឌ្ឍន៍
* ការពាររដ្ឋធម្មនុញ្ញ
* ការពារអង្គព្រះមហាក្សត្រ
* ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត
* ការពារសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយមិនអនុញ្ញាត ឲ្យក្រុមឧទ្ទាមក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មកបំផ្លាញបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានលើកសរសើរពីវីរៈភាព ដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព នៅជួរមុខដែលបានលះបង់សព្វបែបយ៉ាង រហូតដល់អាយុជីវិត ដើម្បីការពារបូរណៈភាពទឹកដី សន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
លោក ឃួង ស្រេង បានបន្ដថា កងទ័ព មានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ, ការពារព្រះមហាក្សត្រ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ការពារស្ថាបនឹកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន, ប្រឆាំងដាច់ខាតការញ៉ុះញ៉ុង បំផុសបំផុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់, កងទ័ពត្រូវយល់ឲ្យបានច្បាស់ ពីឧបាយកលបំផ្លិចបំផ្លាញ របស់ទណ្ឌិត សម រង្ស៊ី។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា កម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ កម្ពុជាមិនត្រូវការចចារសន្តិភាព ជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ឧទ្ទាមក្រៅច្បាប់មានតែទទួលទោសតាមច្បាប់ប៉ុណ្ណោះ។
សូមជម្រាបថា ចំពោះអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ទិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវផ្តល់ជូនកងទ័ព តាមរយៈលោកអភិបាលរាជធានីភ្នំពេញរួមមាន៖
* ១៖ កងពលធំអន្តរាគមន៍លេខ៣ថវិកា២០លានរៀល, គ្រឿងឧបភោគបរិភោគ-មីជាតិ៣០០កេសតូច, ទឹកត្រី២០០យូរ, ទឹកស៊ីអ៊ីវ២០០យូរ, ទឹកបរិសុទ្ធ២០០កេស, ស្រាបៀ២០០កេស, ទឹកផ្លែឈើ១០០ កេស, ប្រេងម៉ាស៊ូត១ម៉ឺនលីត្រ, នំអន្សម២,១៤០ដើម, សាច់ជ្រូក១,០៧០គីឡូក្រាម, ថ្នាំពេទ្យ២២មុខ ស្មើនឹងទឹកប្រាក់ ៤,៤០៥,៣៩៤រៀល។
* ២៖ កងពលតូចអន្តរាគមន៍លេខ៩ ២០លានរៀល, សាងសង់បន្ទប់ទឹក ដាក់លូ និងដាក់ដីជុំវិញសាលប្រជុំ សរុបថវិកា ៣៩,៥៥០,០០០រៀល, គ្រឿងឧបភោគបរិភោគ-មីជាតិ ៥០០កេសតូច, ទឹកត្រី២០០យូរ, ទឹកស៊ីអីវ២០០យូរ, ទឹកបរិសុទ្ធ៣០០កេស, ស្រាបៀ២០០កេស, ទឹកផ្លែឈើ១០០កេស, ប្រេងម៉ាស៊ូត៥ពាន់លីត្រ, នំអន្សម៣,៥២៨ដើម, សាច់ជ្រូក១,៧៦៥គីឡូក្រាម, ថ្នាំពេទ្យ២២មុខ ស្មើនឹងទឹកប្រាក់៤,៤០៥,៣៩៤រៀល។
* ៣៖ វរៈនគរបាលការពារព្រំដែន៧៩៣ថវិកា១០លានរៀល, គណៈបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគ៤ ថវិកា១លានរៀល, គ្រឿងឧបភោគបរិភោគ-មីជាតិ១០០កេសតូច, ទឹកត្រី១០០យូរ, ទឹកស៊ីអីវ១០០យូរ, ទឹកបរិសុទ្ធ១០០កេស, ស្រាបៀ៥០កេស, ទឹកផ្លែឈើ២៥កេស, នំអន្សម៤២៤ដើម និងសាច់ជ្រូក២១២គីឡូក្រាម។
* ៤៖ បញ្ជាការដ្ឋានអង្គរក្សថវិកា១០លានរៀល គ្រឿងឧបភោគបរិភោគ-មីជាតិ២០០កេសតូច, ទឹកត្រី១០០យូរ, ទឹកស៊ីអ៊ីវ១០០យូរ, ទឹកបរិសុទ្ធ២០០កេស, ស្រាបៀ១០០កេស, ទឹកផ្លែឈើ៥០កេស, នំអន្សម១ពាន់ដើម និងសាច់ជ្រូក៥០០គីឡូក្រាម។
* ៥៖ វត្តឧត្តមសែនជ័យ វត្តប្រាសាទត្រាំព្រាល និងវត្តតេជោមានបុណ្យ៖ ក្នុង១វត្ត ប្រគេនបច្ច័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន២លានរៀល៕