(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាល ជាមួយកងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១,៣៨៦នាក់ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងនាមជាសមរភូមិក្រោយ ក៏ដូចជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រីក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្ត ការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសម្ដៅនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
*ទី១៖ កងវរសេនាតូចលេខ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន១១៦នាក់
*ទី២៖ កងវរសេនាតូចលេខ២ (អាន សេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន១៤៦នាក់
*ទី៣៖ កងវរសេនាតូចលេខ០១ និង០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិស ប្រាសាទតាក្របី ចំនួន២៦០នាក់។ ដោយទទួលបានថវិកា ចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ៗ៕