(ព្រះវិហារ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់ថ្នាក់ដឹកនាំកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៩ និងកម្លាំងដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ត្រូវរារាំងដាច់ខាតរាល់ទង្វើណាមួយ ដែលជាចេតនាបង្កឲ្យសង្គមកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដូចអតីតកាល។
ការថ្លែងបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក អញ្ជើញសម្ពោធអគារសាលប្រជុំ កងពលតូចអន្តរាគមន៍លេខ៩ និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ នៅខេត្តព្រះវិហារ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនាយទាហាន ពលទាហាន និងកម្លាំងនគរបាលទាំងអស់ ប្រាកដណាស់មិនចង់ឲ្យកម្ពុជា ធ្លាក់ចូលក្នុង ភ្លើងសង្គ្រាមនោះទេ ព្រោះបច្ចុប្បន្ននេះកម្ពុជាកំពុងតែទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសដើរហើរ ដោយសេរី ដូច្នេះកត្តាទាំងនេះកងទ័ពទាំងអស់នឹងមិនអនុញ្ញាត ឲ្យក្រុមណាមួយមកបំផ្លាញភាពសម្បូរ សប្បាយដែលកំពុងតែកើតមានពេលបច្ចុប្បន្ននេះទេ។
លោក ឃួង ស្រេង បានបន្តថា ច្បាស់ណាស់ប្រសិនបើជនឧទ្ទាម (ទណ្ឌិត សម រង្ស៊ី) ចូលមកក្នុងប្រទេសកម្ពុជានោះ តាមច្រកណាក៏គេចមិនរួចនោះទេ ព្រោះកងទ័ពទាំងអស់ នឹងយកសាច់ស្រស់ ឈាមស្រស់ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ ជាពិសេសកងទ័ពកម្ពុជាគ្រប់ជាន់ថ្នាក់ មិនចង់ឃើញកម្ពុជា រងគ្រោះដូចអតីតកាលនោះទេ៕