(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ និងនាំយកទៅជាមួយឱសថ និងបរិក្ខាពេទ្យឱសថប្រឆាំងពិសពស់ (ទាំង២មុខ) ឱសថគ្លរ៉ាមីន កញ្ចប់អនាម័យ គ្រួសារ និងមុងជ្រលក់ថ្នាំ សម្រាប់ចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ប្រមាណជាង៣០០គ្រួសារ និងសម្រាប់មន្ទីរសុខាភិបាល ប្រើប្រាស់ក្នុងការផ្តល់សេវាសុខភាព។

ការចុះពិនិត្យ និងផ្តល់សេវាសុខភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ អនុវត្តតាមអនុសាសន៍ ប្រកបដោយសន្តានចិត្ត យកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្នុងនោះ ក៏មានការអញ្ជើញរួមដំណើរ ដោយលោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយស៊ាង អនុប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោកអភិបាលស្រុកអង្គរជុំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្តសៀមរាបផងដែរ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងតែមានការគិតគូរ យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជនទូទៅ ជាពិសេសកំឡុងពេលមានទឹកជំនន់នេះ និងការផ្តាំផ្ញើលើការរក្សាសុខភាព ព្រមទាំងការជូនពរសុខភាពល្អ ពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកស្រី ក៏បានផ្តល់សារអប់រំសុខភាព ដល់ប្រជាពលរដ្ឋឲ្យចេះប្រុងប្រយ័ត្នមុនពេល ក្នុងកំឡុងពេល ក្រោយពេលទឹកជំនន់ដូចជា ការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីចៀសវាងជំងឺផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមួល ផ្តាសាយ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ពុលចំណីអាហារ ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដ៏ទៃផ្សេងទៀត៖

* ត្រូវសំរាន្តក្នុងមុង គ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។
* ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់លង់ទឹក ពស់ចឹក ខ្សែភ្លើងឆក់ ដែលបណ្តាលឱ្យបាត់បង់ដល់អាយុជីវិត។
* ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ។
* ត្រូវយកកូនទៅទទួលថ្នាំបង្ការ ឱ្យបានទៀងទាត់ទាំងមុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរក ការពិគ្រោះពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅប៉ុស្តិ៍សុខភាព ក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។

បន្ទាប់មក លោកស្រី ក៏បានចូលមើលការផ្តល់សេវាសុខភាព នៅមន្ទីពេទ្យបង្អែកពួក និងមណ្ឌលសខភាពចារឈូក ដែលទទួលបានចំណាត់ថ្នាក់លេខ១ កាលពីដើមឆ្នាំ២០១៨ ព្រមទាំងបានជូនថវិកា ជូនដល់គ្រូពេទ្យអង្គរជុំ ដែលមានវត្តមាន និងចែកកញ្ចប់គ្រួសារមានមុង ជ្រលក់ថ្នាំ គ្លរ៉ាមីន សៀវភៅអប់រំសុខភាព ច្រាសនិងថ្នាំដុះធ្មេញ សាប៊ូដុសខ្លួន និងម្សៅសាប៊ូ ព្រមទាំងថ្នាំលាបការពារមូស ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ផងដែរ។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាលខេត្ត និងស្រុកប្រតិបត្តិ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ដែលតែងតែគោរពក្រមសីលធម៌ វិជ្ជាជីវៈពេទ្យបានល្អ យកចិត្តទុកដាក់ជួយសង្រ្គោះអ្នកជំងឺទាំងគ្រប់រដូវកាល ទាំងពេលទឹកជំនន់ និងពេលបុណ្យទានផ្សេងៗ។

គួរកត់សម្គាល់ថា ការជន់ទឹកលិចខាងលើនេះ បានកើតឡើងពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០១៩ ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣៣៦គ្រួសារ ហើយទឹកភ្លៀង បានជនលិចមន្ទីរពេទ្យបង្អែកអង្គរជុំ និងមណ្ឌល សុខភាពអង្គរជុំ បានបណ្តាលឲ្យមានការប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងឯកសារមួយចំនួន។

អ្នកជំងឺ ដែលសម្រាកពេទ្យ ត្រូវបានបញ្ជូនចេញទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពួក ដោយមានអន្តរាគមន៍ ពីមន្ទីរសុខាភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន នៅថ្នាក់ខេត្តនិងស្រុក ចុះជួយបានទាន់ពេលវេលា។ បច្ចុប្បន្នអ្នកជំងឺមួយចំនួនធំ បានវិលទៅផ្ទះសម្បែង របស់ពួកគាត់វិញហើយ៕