(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី ទៀង សំបូរ ប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តបាត់ដំបង និងសហការី បាននាំយកទេយ្យទាន និងបច្ច័យរបស់ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ សំអុល ធារិទ្ធិ ប្រធានពន្ធនាគារខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រៃតូច និងលោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃតូច អញ្ជើញកាន់បិណ្ឌចំនួន៣វត្ត ក្នុងមូលដ្ឋានស្រុកមោងឫស្សី។
បន្ទាប់ពីការគោរពថ្វាយផ្កាបូជាទៀនធូប ចំពោះព្រះពុទ្ធរូប និងនមសិកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសមពុទ្ធរួចមក ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាល ទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយនោះព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់ថ្នាក់ដឹកនាំ យុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
ថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនាឱកាសនោះ លោកស្រី ទៀង សំបូរ តំណាងលោក សំអុល ធារិទ្ធ និងលោក ជា វណ្ណ: បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឬស្សី ដែលបានផ្តល់បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃទាំង៣វត្ត ដោយវត្តនីមួយៗ ទទួលបានបច្ច័យ និងទេយ្យទានមួយចំនួន។
វត្តទាំង៣ ដែលត្រូវវេប្រគេនក្នុងពិធីកាន់បិណ្ឌវេនទី១៣ នោះរួមមាន៖ ទី១៖ វត្តកូនខ្លុង, ទី២៖ វត្តព្រៃតូច និងទី៣៖ វត្តអំពិលថ្កើង ក្នុងឃុំព្រៃតូចស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកស្រីបានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិមួយ ក្នុងចំណោមបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅហើយនោះ និងក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកស្រី ក៏បានបញ្ជាក់ទៀតថា សន្តិភាព គឺនាំមកអ្វីៗ គ្រប់យ៉ាងសម្រាប់យើងទាំងអស់គ្នា ហេតុនេះសូមពុកម៉ែបងប្អូនចូលរួម និងថែរក្សាឲ្យបានល្អគង់វង្សនៅសន្តិភាពមួយនេះ ដែលបានកកើតឡើងក្រោមនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍជាតិផងដែរ៕