(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សុន គន្ធរ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានដឹកនាំអង្គប្រជុំអនុម័ត ទៅលើរចនាសម្ព័ន្ធ និងផែនការសកម្មភាព នៃចង្កោមចំនួន២ របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីចាប់ផ្ដើមប្រតិបត្តិផែនការ សកម្មភាពសម្រាប់ឆ្នាំ២០១៩-២០២០។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ចង្កោមសេវាកម្មចំនួន២នោះ រួមមាន៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជំនាញទីផ្សារការលក់ និងសិក្សាស្រាវជ្រាវទីផ្សារ មានលោក ភួង វុទ្ធី ជាប្រធាន និងអនុប្រធាន៥រូប ឲ្យជួយការងារ ទី១៖ លោក ម៉េង សុភ័ក្រ, ទី២៖ លោក ដួង ខេមរិន, ទី៣៖ អ្នកស្រី អ៊ា ប៉ហ៊ាប, ទី៤៖ លោក មាស ជនិតា, និងទី៥៖ លោក ជា និមល។

ដោយឡែក សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជំនាញអចលនទ្រព្យ មានអ្នកស្រី ហៀង ស្រីមុំ ជាប្រធាន និងមានអនុប្រធាន៥រូប ឲ្យជួយការងារ ទី១៖ លោក ចក់ ស៊ីណាត, ទី២៖ លោក ទិត្យ សុខារុណ, ទី៣៖ លោក នី ទីណាត, ទី៤៖ អ្នកស្រី តុប ច័ន្ទរ៉ាឌី និងទី៥៖ អ្នកស្រី ពួយ ងីម។

អង្គប្រជុំ បានសម្រេចឲ្យចង្កោមទាំង២ ចាប់ផ្ដើមប្រតិបត្តិផែនការសកម្មភាព ដែលជាប្រយោជន៍ ជួយដល់ការអភិវឌ្ឍធុរកិច្ច (Business Development) និងជួយបង្កើតមុខរបរ តាមរយៈការបណ្ដុះបណ្ដាល និងសិក្ខាសិលា ចែករំលែកផ្សេងៗ។ សកម្មភាព ដែលនឹងត្រូវប្រតិបត្តិ ទាំង៤នោះ រួមមាន៖

* ១៖ រៀបចំសិក្ខាសិលា ដើម្បីចែករំលែកបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម
* ២៖ ធ្វើការបណ្ដុះបណ្ដាល ជំនាញពាក់ព័ន្ធនឹងផ្នែកលក់ទីផ្សារ និងអចលនទ្រព្យ ទៅលើសហគ្រាសមីក្រូ ខ្នាតតូច និងនិស្សិត។
* ៣៖ ចង្កោមទាំង២នេះ បន្តជ្រើសរើសសមាជិកបន្ថែមទៀត ដើម្បីប្រមូលអ្នកជំនាញមកជួយអភិវឌ្ឍធុរកិច្ច និងជួយអភិវឌ្ឍដល់សមាជិក ដែលមានភាពទន់ខ្សោយ។
* ៤៖ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសមាគម សហគមនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

អង្គប្រជុំ បានសម្រេចបង្កើតក្រុមយុទ្ធសាស្ត្រ របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងបន្តបង្កើតចង្កោមផ្សេងៗ ទៀតដូចជា៖ ចង្កោមជំនាញបច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ (Technology and Innovation)៕