(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលទូទាំងខេត្តតាកែវ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅ។
ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុសាសន៍ចង្អុលដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ស្ដីពីសភាពការណ៍ សន្តិសុខថ្មីៗ និងការងារសណ្ដាប់ធ្នាប់ សាធារណៈ និងពង្រឹងលើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារគ្រឿងញៀន និងជំរុញកិច្ចការពារនៅតាមវត្តអារាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងការងារត្រៀមកម្លាំង ដើម្បីជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល៕