(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោង «ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីកបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ នៅតំបន់ជនបទ ក្នុងប្រទេសកម្ពុជា» ដែលហៅកាត់ថា (S-RET)។
ក្នុងនោះ លោករដ្ឋមន្ដ្រី វេង សាខុន បានចុះពិនិត្យកសិដ្ឋាន ចំនួន២គោលដៅ ក្នុងឃុំចំនួន២ រួមមាន ទី១៖ ទស្សនាបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានកសិកម្មចម្រុះបន្សាំ និងការប្រែប្រួលអាកាសធាតុរបស់ លោក គង់ យី នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ និងទី២៖ កសិដ្ឋានរបស់អង្គការ Smiling Gecko (មាន់ ជ្រូក ត្រី និងសិប្បកម្មធ្វើពីឬស្សី) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មុនឈានចូលដល់ ពិធីជួបសំណេះសំណាល ជាមួយគ្រសារកសិករ ដែលជាសមាជិករបស់គម្រោង លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះមកពិនិត្យ ការបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំដែលបន្សាំ នឹងការប្រែប្រួលអាកាសធាតុ។
បើតាមបងស្រី រិទ្ធ ចន្ថា ប្រធានបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថា បច្ចុប្បន្នមានសមាជិក៣៧គ្រួសារ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេស តាមរយៈគម្រោង ASPIRE កសិករតំបន់នេះ បានប្តូរដំណាំស្រូវ មកដាំបន្លែចម្រុះពេញមួយឆ្នាំ ដូចជាខ្ទឹម ជីគ្រប់មុខ ត្រសក់ សណ្តែកកួរ ភ្លៅកង្កែប។ល។ ដោយធ្វើកិច្ចសន្យាជាមួយឈ្មួញកណ្តាល។
បងស្រី ចន្ថា បានសម្តែងទឹកចិត្តសប្បាយរីករាយ ដោយសារមានមុខរបរច្បាស់លាស់ ចំណូលគ្រួសារដោយនិរន្តរភាព ជួបជុំគ្រួសារ និងសុភមង្គល។ ក្រុមនេះ មានបំណងចង់ពង្រីកផលិតកម្មបន្លែ បន្ថែមតាមលទ្ធភាព ដោយសារទីផ្សារមានតម្រូវការខ្ពស់ ហើយតាមរយៈ ការពង្រីកផលិតកម្មនេះ ក៏សង្ឃឹមថា ចំណូលគ្រួសារនឹងកើនដល់ ៥,០០០ដុល្លារ ក្នុង១ឆ្នាំ ដែលគ្រួសារមួយចំនួនទទួលបាន២ទៅ៣ពាន់ដុល្លារក្នុង១ឆ្នាំ រួចហើយនាពេលបច្ចុប្បន្ន។
ដោយឡែក លោក គង់ ឃី អតីតគ្រូបង្រៀន ដែលជាម្ចាស់កសិដ្ឋានពហុដំណាំ បានឲ្យដឹងថា ក្រុមនេះ ទើបចាប់ផ្តើមចងក្រងឡើង នៅខែសីហា ឆ្នាំ២០១៨ បច្ចប្បន្នក្រុមនេះ មានសមាជិក៤៣គ្រួសារ (ស្រ្តី៣៣) មានផ្ទៃដីប្រមាណ១៧ហិកតា ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស ពីគម្រោងតាមរយៈមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងប្អូនសមាជិកចាប់ផ្តើនធ្វើការដាំដុះបន្លែមានដូចជា៖ ត្រសក់ទ្រើង ត្រឡាច សណ្តែកកួរ ត្រប់ សណ្តែកដី ល្ពៅ ដំឡូងជ្វា ននោង សាលាដ ល្ហុង ដោយបានកិច្ចសន្យាជាមួយឈ្មួញកណ្តាល ដោយឲ្យតម្លៃលើសទីផ្សារ ១០០រៀល ក្នុងគីឡូក្រាម ក្រៅពីនោះ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសហគមន៍។
លោក គង់ ឃី បានបន្ថែមថា លោកបានចិញ្ចឹមមាន់ ប្រមូលផ្សំលាមកធ្វើជីធម្មជាតិ ចូលរួមកាត់បន្ថយថ្លៃដើម និងអាចបង្កើនចំណូល ដល់ទៅ២,៦៧៥ ដុល្លារក្នុង១ឆ្នាំ ហើយអនាគតគ្រោងដាក់មាន់បន្ថែម ចិញ្ចឹមត្រី និងបង្កង ហើយសង្ឃឹមថាចំណូលគ្រួសារ អាចកើនដល់៤,៥០០ដុល្លារ នៅចុងឆ្នាំ២០១៩នេះ។
បន្ទាប់ពីបានអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៃក្រុមបណ្តុំបន្លែ និងកសិដ្ឋានពហុដំណាំទាំង២កន្លែង លោករដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរ ចំពោះសមិទ្ធផលដែលប្រជាកសិករ ទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះ គឺជាឆន្ទៈ និងបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជា នាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើង មានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។
លោកបានបញ្ជាក់ ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់ អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់ គឺដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួន ដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី វេង សាខុន បានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ៕