(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីរាប់បាត្រកាន់បិណ្ឌក្នុងថ្ងៃកាន់បិណ្ឌទី១៣ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបាននាំយកនូវទេយ្យវត្ថុនិងបច្ច័យ ដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពីក្រុមគ្រួសារលោកផ្ទាល់ ប្រគេនដល់សម្ដេចព្រះចៅអធិការវត្តលង្កា ដែលមានបច្ច័យចំនួន ១២លានរៀល រួមនឹងក្រុមការងារខណ្ឌបឹងកេងកង និងសង្កាត់បឹងកេងកង១ បច្ច័យចំនួន ១៤លាន២សែនរៀល សរុបទាំងអស់ចំនួន ២៦លាន២សែនរៀល។
លោករដ្ឋមន្រ្តីបានឧទ្ទិសនូវមគ្គផលកុសលផលបុណ្យ ដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ ជូនចំពោះបុព្វការីជន វីរជន និងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងសូមដល់ដួងវិញ្ញក្ខន្ធអស់លោកទាំងអស់ បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់កូនចៅទាំងអស់ សូមទទួលបាននូវពរជ័យទាំង៥ប្រការ៕