(ថៃ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «STYLE BANGKOK (October) 2019» រយៈពេល៥ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៩ ជាលើកទី៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសន្និបាតអន្តរជាតិ ទីក្រុងបាងកក ប្រទេសថៃ។
ពិព័រណ៍ «STYLE BANGKOK (October) 2019» ធ្វើឡើងនៅលើផ្ទៃក្រឡាជាង៤១,០០០ម៉ែត្រការ៉េ និងមានស្តង់ចំនួន១,៨០០ចូលរួម ហើយរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ មកពី៧០ប្រទេស។ ពិព័រណ៍នេះ មានគោលបំណង លើកស្ទួយមុខមាត់ប្រទេស ជាគោលដៅសម្រាប់ផលិតផល របៀបរស់នៅអន្តរជាតិ គាំទ្រដល់ស្ថេរភាពសេដ្ឋកិច្ច និងបង្កើនតម្លៃនាំចេញ។
ក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះ លោកស្រី Banjongjitt Angsusingh អគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានថ្លែងថា ក្រសួងពាណិជ្ជកម្មថៃ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចថៃ តាមរយៈការជំរុញការនាំចេញ និងសេវាកម្ម និងការជ្រៀតចូលទីផ្សារអន្តរជាតិ។
លោកស្រី Banjongjitt Angsusingh បានគូសបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ក្រសួងពាណិជ្ជកម្មថៃ បានរៀបចំកម្មវិធី «STYLE Bangkok» ដែលទទួលបានជោគជ័យយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុនផលិតសហគ្រិន អ្នកនាំចូល និងអ្នកនាំចេញ និងអ្នករចនាទាំងថៃ និងបរទេសដោយទទួលបានភ្ញៀវទេសចរ លើសពី៤៥,០០០នាក់ និងទទួលបានការបញ្ជាទិញ ច្រើនជាង២.២៣ពាន់លានបាត។
លោកស្រី Banjongjitt Angsusingh បន្ថែមទៀតថា ពិព័រណ៍ «STYLE BANGKOK (October) 2019» នេះ នាំមកនូវជម្រើស នៃផលិតផលរបៀបរស់នៅ ដ៏ធំទូលាយរួមមាន៖ ម៉ូដគ្រឿងសង្ហារឹម, គ្រឿងតុបតែងផ្ទះ និងទំនិញគ្រួសារ ដែលឆ្លើយតបនឹងតម្រូវការ របស់សាធារណជនទូទៅ។
លើសពីនេះទៀត ពិព័រណ៍នេះ នឹងបង្ហាញពីសមត្ថភាពរបស់សហគ្រិនថៃ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើងសម្រាប់វត្ថុធាតុដើម គុណភាពផលិតកម្ម និងគំនិតច្នៃប្រឌិត ដែលមានការចូលរួមពី ម៉ាកយីហោឈានមុខគេ ជាង៨០០។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកស្រី Banjongjitt Angsusingh។
ក្នុងនាមអគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ លោកស្រីមានជំនឿថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងទាក់ទាញចំណាប់អារម្មណ៍ ទាំងផ្នែកជំនួញក្នុងស្រុក និងអន្តរជាតិអ្នកនាំចេញ និងអ្នកនាំចូល ក៏ដូចជាអ្នករចនាម៉ូដ។
លោកស្រី Banjongjitt Angsusingh បានលើកឡើងថា ពិព័រណ៍នេះ មិនត្រឹមតែត្រូវបានរៀបចំឡើង គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវលក្ខណៈ ទាក់ទាញដូចជាការស្នាក់នៅសមរម្យ អាហារជាច្រើន សេវាកម្មល្អ ការដឹកជញ្ជូនងាយស្រួល និងសុវត្ថិភាព។
គូសបញ្ជាក់ថា ពិព័រណ៍ «STYLE BANGKOK (October) 2019» មានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់, ផលិតផលធ្វើពីស្បែក, វត្ថុអនុស្សាវរីយ៍, សម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារឹម៕