(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទក្ខកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ការជួបសំណេះសំណាល នេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីទំនាក់ទំនងកាន់តែជិតស្និត កិច្ចសហការល្អប្រសើរ រវាងអជ្ញាធរខេត្ត និងកម្លាំងនគរបាលខេត្តព្រះវិហារ។ ថ្វីត្បិតតែ កម្លាំងទាំងអស់ ត្រូវប្រឈមនិងបញ្ហាយ៉ាងច្រើនក៏ដោយ ក៏កិច្ចការងារបង្រ្កាបបទល្មើសផ្សេងៗ ក៏ដូចជាកិច្ចការងារហ្វឹកហ្វឺន ដល់កងកម្លាំង និងការអភិវឌ្ឍន៍អង្គភាព ទទួលបានជោគជ័យដែរ។
លោកបន្តទៀតថា បញ្ហាចំពោះមុខនេះ អ្វីដែលយើងទាំងអស់គ្នា ត្រូវការឲ្យបានដាច់ខាតនោះ គឺអំពីជនក្បត់ជាតិ សម រង្សី ដែលមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ លោកថា ជនក្បត់ជាតិ សម រង្សី តែងតែញុះញង់ និងបង្កចលាចលដល់សង្គមជាតិជានិច្ច ក្រោមរូបភាពផ្សេងៗ ហើយថ្មីៗនេះ បុគ្គលរូបនេះ ថែមទាំងបានប្រមាថដល់ព្រះមហាក្សត្រទៀតផង ដែលធ្វើឲ្យយើងទាំងអស់គ្នា ពិតជាមិនអាចអត់ឲ្យបាននោះឡើយ នូវទង្វើរបស់ជនក្បត់ជាតិ សម រង្សី។
ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងនគរបាល សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តបទល្មើសផ្សេងៗ ដើម្បីថែរក្សាតម្លៃក្នុងនាម ជាកងកម្លាំង។ ជាពិសេសត្រូវការពារ ដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្តាប់បទបញ្ជាមេបញ្ជាការរបស់ខ្លួន។ យកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈស្នងការនគរបាលខេត្ត ក៏ដូចមន្ត្រីនគរបាលទាំងមូល សូមសំដែងនូវការស្វាគមន៍ ប្រកបដោយកតញ្ញូ តាធម៌ដ៍ជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានឈ្លាតឱកាសដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមសួរសុខទុក្ខសំណេះសំណាល ជាមួយកម្លាំងនគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ទៀតថា នេះជាការផ្តល់កិត្តិយសដ៍ថ្លៃថ្លា គឺជាប្រភពនៃការលើកទឹកចិត្ត ដល់កងកម្លាំងយើង ទាំងអស់គ្នា ជាមន្ត្រីនគរបាលជាតិ ឲ្យមានស្មារតីកាន់តែអង់អាចក្លាហានថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនារបស់ប្រជាជនយើងទូទាំងខេត្ត៕