(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងបានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ រស់នៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួនជាង៥ពាន់នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០.០០០រៀល។
នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេស ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានវ័យចំណាស់ ហើយមានជីវភាពក្រីក្រ។ ដោយក្នុងនោះរាជរដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើន ដែលខំសន្សំទុកមកជាច្រើនឆ្នាំ ទុកជួយសម្រាប់ថ្លៃពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការជួយនេះគឺរដ្ឋធ្វើការពិនិត្យឃើញថា ពលរដ្ឋមានជីវភាពក្រីក្រពិតប្រាកដ ទើបធ្វើជាប័ណ្ណក្រីក្រជូនដើម្បីទុកពេលមានជំងឺ ដង្កាត់ ផ្សេងៗ ទៅពិនិត្យព្យាបាលជំងឺដោយមិនអស់លុយ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួនដែលជាដៃគួរជាមួយបេឡាជាតិរបបសន្តិសុខសង្គម ប ស ស ។ ទន្ទឹមនឹងនេះ រដ្ឋក៏បានផ្តល់នូវថវិកាជូនដល់ស្ត្រីមានផ្ទៃពោះដែលទៅពិនិត្យយ៉ាងតិច ៤ដង មុនពេលសម្រាលកូន ដើម្បីតាមដានពីសុខភាពរបស់ទារកក្នុងផ្ទៃ និងសុខភាពរបស់ម្តាយ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ដូច្នេះក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះគឺមានការប្រែប្រួលច្រើន ដោយរាជរដ្ឋាភិបាលបានសន្សុំលុយអស់ជាច្រើនឆ្នាំមកហើយ ទុកសម្រាប់យកមកធ្វើការចំណាយ ក្នុងការពិនិត្យព្យាបាល ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាមន្រ្តីរាជការ កំលាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេស មិនធ្វើឱ្យមានការព្រួយបារម្មណ៏ គ្មានថវិកាទៅពេទ្យពេលឈឺដូចកាលពីពេលមុនទៀតឡើយ ដោយពេលនេះរដ្ឋជាអ្នកបង់ថ្លៃឱ្យទាំងអស់។ មួយវិញទៀត សមាគមមនុស្សចាស់ នៅតាម បណ្តាឃុំទាំងអស់ត្រូវស្វែងយល់ពីកិច្ចការងារដែល រដ្ឋកំពុង ធ្វើក្នុងការជួយដល់ ប្រជាពលរដ្ឋក្រីក្រ តាមរយះ ប ស ស យកមកធ្វើការ ផ្សព្វផ្សាយអោយបាន ដឹង ទាំងអស់គ្នា។
លោកបានបន្ថែមទៀតថា សម្រាប់ឃុំពង្រ ស្រុកកោះសូទិន គឺមានក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន ជាអ្នកចុះជួយដោយផ្តល់ជាថវិកា ដល់ស្រ្តីសម្រាលកូន និងគ្រួសារដែលមានសមាជិកស្លាប់ ក៏ដូចជាជួយកិច្ចការងារផ្សេងៗជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យភ្ជំបិណ្យឆ្នាំនេះ លោក ខៀវ កាញារីទ្ធ រួមជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមួយចំនួនទៀត បាននាំយកនូវថវិកា ចែកជូនដល់ប្រជាពលរដ្ឋដែលមានអាយុ ៧០ឡើងទៅក្នុងឃុំពង្រ សរុបចំនួន ៣៤៥នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀល។ ជាមួយគ្នានេះ ក្នុងឱកាសកាន់បិណ្ឌកន្លងមក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើពិធីផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ចាប់ពីអាយុ ៧០ឆ្នាំឡើងនៅក្នុងស្រុកកោះសូទិន សរុបចំនួន៥,១៥៩នាក់ ដែលសរុបជាថវិកាស្មើនឹង ១០៣.១៨០.០០០រៀល៕