(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក A.V. Konovalov រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសហពន្ធ័រុស្ស៉ី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ បានពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាស្តីពី «ការផ្ទេរទណ្ឌិត» ព្រមទាំងបានចុះហត្ថលេខា លើសេចក្តីព្រាងសន្ធិសញ្ញាស្តីពី «ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» រវាងកម្ពុជា និងរុស្ស៉ីផងដែរ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា លទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានមកពីការខិតខំប្រឹងប្រែងអស់ប្រមាណជាជិត ២ឆ្នាំមកហើយ។
កន្លងមកកម្ពុជានិងរុស្ស៉ី មានទំនាក់ទំនងគ្នាពាក់ព័ន្ធនឹងវិស័យុត្តិធម៌ស្រាប់ទៅហើយ ប៉ុន្តែត្រឹមតែជាការផ្លាស់ប្តូរគណៈប្រតិភូ ក្នុងការធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។ ក្រៅពីនេះភាគីទាំងពីរក៏មានជំនួយផ្នែកបច្ចេកទេសមួយចំនួនផងដែរ។ ជំនួយផ្នែកបច្ចេកទេស គឺការអនុវត្តនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយុត្តិធម៌នេះតែម្តង។
បើតាមលោក គឹម សន្តិភាព តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ រវាងប្រទេសកម្ពុជា-រុស្ស៉ី នឹងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និត និងកាន់តែរលួនលើការជួយគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងបែបនេះ កម្ពុជាធ្លាប់ចុះហត្ថលេខា ជាមួយវៀតណាមតែមួយប៉ុណ្ណោះ ខណៈរុស្ស៉ីគឺជាប្រទេសទីពីរ៕