(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីអបអរ ទិវាឱសថការីពិភពលោក ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវការចែករំលែកចំណេះដឹង ពីសំណាក់អ្នកជំនាញក្រោមប្រធានបទស្តីពី «ការណែនាំ ការអនុវត្តល្អក្នុងឱសថស្ថាន» ទៅកាន់ឱសថការីជាង២០០នាក់ នៅសណ្ឋាគារភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់ទៅកាន់ខេត្តសៀមរាប និងបាត់ដំបងផងដែរ។

ទិវានេះត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៥ កញ្ញា ទូទាំងពិភពលោក ក្រោមប្រធានផ្សេងៗគ្នា ក្នុងគោលបំណងលើកទឹកចិត្តឱសថការីប្រើប្រាស់ថ្ងៃនេះ ដើម្បីរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹង និងតស៊ូមតិ សម្រាប់តួនាទីឱសថការី ដើម្បីធ្វើឲ្យសុខភាពប្រជាជនកាន់តែល្អប្រសើរទូទាំងពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ កម្មវិធីឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកតាមរយៈកិច្ចសហការ និងផ្សារភ្ជាប់ជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃគោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន។

កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជា បានលើកឡើងថា យើងដឹងហើយថា ឱសថការី ប្រើប្រាស់ចំណេះដឹងដ៏ទូលំទូលាយប្រកបដោយជំនាញវិជ្ជាជីវៈ និងដើរតួនាទីយ៉ាងសំខាន់ជាមួយភាគីពាក់ព័ន្ធចំពោះការថែរក្សា គាំទ្រសុវត្ថិភាពអ្នកជំងឺតាមរយៈការធានា និងផ្តល់ជូនការប្រើប្រាស់ឱសថប្រកបដោយភាពត្រឹមត្រូវល្អប្រសើរ និងកាត់បន្ថយបញ្ហាដែលអាចកើតឡើងនានា ក្នុងការប្រើប្រាស់ថ្នាំពេទ្យ និងដើរតួនាទីយ៉ាងសំខាន់ជាច្រើនទៀត។

កញ្ញា Monsinee Sathirakawinskul ក៏បានបន្ថែមទៀតថា យើងជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីការអនុវត្តល្អក្នុងឱសថស្ថាន ធ្វើឲ្យលទ្ធភាពទទួលបានឱសថកាន់តែល្អប្រសើរឡើង និងការប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវ ស្វែងយល់ពីគោលការណ៍គ្រប់គ្រងគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងរួមចំណែកលើផ្នែកជាច្រើនទៀត ដើម្បីធ្វើឲ្យប្រជាជនរស់នៅក្នុងជីវិតដ៏ពេញលេញមួយ។

លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង បានថ្លែងនូវចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ការប្រារព្ធទិវានេះឡើងពិតជាបានចូលរួមចំណែកផ្តល់ឱកាសឲ្យឱសថការីពីគ្រប់មជ្ឈដ្ឋាន ជួបជុំផ្តោះប្តូរយោបល់ ចំណេះដឹង និងព័ត៌មានគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ជួយឲ្យឱសថការីជំនាន់ក្រោយៗ យល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ រៀនសូត្រពីគ្នានូវអ្វីដែលជាចំណុចខ្វះខាត និងដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យទាន់សម័យកាល។

លោកឱសថការី អ៊ាវ តារារដ្ឋ មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ក៏បានលើកឡើងផងដែរថា គោលការណ៍អនុវត្តល្អក្នុង ឱសថស្ថានគឺជាដំណាក់កាលមួយដ៏សំខាន់ ក្រោយពីឆ្លងកាត់ដំណាក់កាលនៃផលិតកម្មការទុកដាក់ និងការដឹងជញ្ជូន។ ដូច្នេះឱសថស្ថានជាអ្នកថែរក្សាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព នៃឱសថទៅដល់អ្នកជំងឺផ្ទាល់។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពី សុវត្ថិភាពនៃឱសថដោយលើកឡើងថា ពេលខ្លះឱសថមានគុណភាព និង ប្រសិទ្ធិភាពហើយ ក៏ប៉ុន្តែប្រសិនការផ្តល់ឱសថមិនបានត្រឹមត្រូវមិនចំគោលដៅ ឬតាមវេជ្ជបញ្ជាច្បាស់លាស់នោះហើយ គឺជាការបង្កឲ្យមានបញ្ហា។ ដូច្នេះហើយគោលការណ៍អនុវត្តល្អនេះជួយឲ្យការផ្តល់ឱសថប្រកបដោយសុវត្ថិភាពជូនដល់អតិថិជន។

គួររម្លឹកផងដែរថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹងចែករំលែក ចំណេះដឹង វិទ្យាសាស្ត្រថ្មីៗ ជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង៕