(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់គ្នានោះ បានសង្កេតឃើញថា ក្នុងថ្ងៃកាន់បិណ្ឌទី១៣នេះ ប្រជាពលរដ្ឋបានធ្វើដំណើរទៅលេងស្រុកកំណើតជាបណ្ដើរៗហើយ ដោយពួកគាត់ម្នាក់ៗប្រកបដោយភាពរីករាយ ពោលគឺគ្មានការភ័យព្រួយដូចកាលពីសម័យសង្គ្រាមឡើយ។
ជាមួយនឹងសារបង្ហោះនៅលើទំព័រ Facebook នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហាក់បង្ហាញនូវអារម្មណ៍សប្បាយរីករាយជាមួយប្រជាពលរដ្ឋគ្រប់គ្នារបស់សម្ដេច ខណៈក្ដីនឹករឭករយពាន់អាល័យចំពោះក្រុមគ្រួសារ និងស្រុកកំណើត កំពុងរសាត់តាមការធ្វើដំណើររបស់ពលរដ្ឋគ្រប់គ្នា។
អារម្មណ៍ត្រេកអរនេះបានញ៉ាំងឱ្យនាយករដ្ឋមន្ត្រីរបស់យើង ដែលធ្លាប់ជាអតីតកូនអ្នកស្រែចម្ការមួយរូបនោះ លើកហត្ថរំលេចនូវប្រយោគមង្គលសួស្ដីមួយចំនួនឡើងថា «ស្រុកទេសយើងសព្វថ្ងៃកាន់តែសុខសប្បាយនិងរីកចម្រើនទៅមុខ រីឯផ្លូវថ្នល់និងស្ពានតូចធំក៏កាន់តែមានច្រើន ហើយរមណីយដ្ឋាននិងកន្លែងកម្សាន្តវិញក៏មានស្ទើរគ្រប់ទីកន្លែង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិធ្វើដំណើរទៅកម្សាន្ត ដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ»។
ប្រមុខរាជរដ្ឋាភិបាលសន្តិភាពរបស់កម្ពុជា ក៏បានផ្ដាំផ្ញើនូវសារជូនពរដល់ជនរួមជាតិផងដែរថា សូមឱ្យប្រជាពលរដ្ឋ ជនរួមជាតិធ្វើដំណើរប្រកបដោយក្ដីសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខ៕