(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាល បានអំពាវនាវពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចាប់ខ្ជួនទាំងអស់គ្នា តាមគោលការណ៍ «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» នៅគ្រាដែលពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតឆ្លងកាត់តាមខេត្តកណ្ដាល និងអ្នកធ្វើដំណើរទូទៅប្រទេស ក្នុងអំឡុងពិធីកាន់បិណ្ឌ និងការវិលត្រលប់ចូលរាជធានីភ្នំពេញវិញ។
ឆ្លើយតបនឹងការសម្ភាសន៍របស់ភ្នាក់ងារសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានបន្តថា សម្រាប់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានត្រៀមលក្ខណៈរួចជាស្រេចក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមទីវត្តអារាម និងកិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ពិសេសបានរៀបចំកម្លាំងសន្តិសុខរៀបចំចរាចរណ៍ តាមបណ្ដាផ្លូវជាតិធំៗគ្រប់ផ្លូវដើម្បីសុវត្ថិភាពបងប្អូនទាំងអស់គ្នា។
លោកស្នងការរង បានបន្ថែមទៀតថា កម្លាំងដែលត្រូវរៀបចំជាពិសេសគឺក្រុងតាខ្មៅ ព្រោះតាមផ្លូវនេះជាផ្លូវមមាញឹកជាងគេ ហើយណាមួយជាផ្លូវដែលថ្នាក់ដឹកនាំឆ្លងកាត់ច្រើន ដូច្នេះកម្លាំងបានត្រៀមរួចជាស្រេច ក្នុងការសម្រួលចរាចរណ៍ជូនសាធារណៈជនឲ្យបានល្អប្រសើរ។ លោកថា កម្លាំងរបស់លោកបានរៀបចំបណ្ដើរៗមកហើយ ចាប់តាំងពីការចូលកាន់បិណ្ឌថ្ងៃទី១មកម្លេះ ហើយកម្លាំងរឹតតែបង្កើនកាន់តែខ្លាំងនៅក្នុងថ្ងៃបិណ្ឌធំ ព្រមទាំងថ្ងៃក្រោយភ្ជុំធំថែមទៀតផង។
លោក វ៉ែន សុវិន ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមានការយោគយល់អធ្យាស្រ័យគ្នាល្អ បើកបរគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព បើកបរដោយគ្មានសារធាតុស្រវឹង ចំពោះម៉ូតូត្រូវពាក់មួក ចំពោះឡានតូចធំ ត្រូវពាក់ខ្សែរក្រវ៉ាត់ជាដើមដោយមិនត្រូវជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ផ្សេងៗ៕