(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺ និងបកស្រាយជុំវិញការចោទប្រកាន់ថា មានករណីចាប់បង្ខាំងមនុស្សរយៈពេល៥ថ្ងៃ ដើម្បីធ្វើទារុណកម្មថែមទាំងចាប់ដាក់គុក នៅខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា ក្រោយបានឃើញព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើការត្រួតពិនិត្យលើការអនុវត្តនីតិវិធីជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យភ្លាម ដើម្បីរកឲ្យឃើញការពិត។

ជាលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពុំបានអនុវត្តខុសនីតិវិធីឡើយ លើសំណុំរឿងលួចដោយមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ) ដែលប្រព្រឹត្តិទៅកាលពីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះរបស់ឈ្មោះ ថោង រដ្ឋា ស្ថិតនៅចំណុចភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួនជនសង្ស័យឈ្មោះ តែម វាសនា បានអនុវត្តត្រឹមត្រូវតាមនីតិវិធីដែលមានចែង ក្នុងបញ្ញត្តិមាត្រា៩៦ «ការឃាត់ខ្លួន» និងមាត្រា៩៧ «កំណត់ហេតុស្តីពីការឃាត់ខ្លួន»។ ការអនុវត្តនេះ តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លេខ៖០៧ អយ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ចំពោះការណ៍ដែលរក្សាទុកជនសង្ស័យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយសារតំណាងអយ្យការ និងចៅក្រមស៊ើបសួរ បន្តនីតិវិធីសាកសួររហូតដល់ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ទើបជំនាញបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។

តាមចម្លើយរបស់ជនសង្ស័យ ក្នុងដំណាក់កាលរបស់មន្ត្រីនគរបាលយុត្តិធម៌ ដំណាក់កាលអយ្យការ និងចម្លើយជនត្រូវចោទក្នុងដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរ ជាមួយនឹងលោកមេធាវី ឥន យឿន អមជាមួយរហូត និងបានចុះហត្ថលេខាលើកំណត់ហេតុផងដែរ ពុំមានការចោទប្រកាន់ មន្ត្រីនគរបាលយុត្តិធម៌ ធ្វើទារុណកម្ម ឬអនុវត្តខុសនីតិវិធីក្នុងការឃាត់ខ្លួន ឬសុំមោឃភាពឡើយ៕