(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីទិវា មនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកក្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធ គាំពារសុខុមាលភាពមនុស្សចាស់គ្រប់វ័យ ក្នុងសង្គមជាតិ នៅកម្ពុជា»។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្របខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមនុស្សចាស់ ចំនួន៣២៣នាក់ ផងដែរ។
លោក ចាន់ សុគុណ បានឱ្យដឹងថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់ អន្តរជាតិ១ តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកក្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធ គាំពារសុខុមាលភាពមនុសចាស់គ្រប់វ័យ ក្នុងសង្គមជាតិ នៅកម្ពុជា» ហើយទិវា១តុលា គឺជាទិវាដែលបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលសុទ្ធតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ក្នុងការប្រារព្ធទិវាមនុស្សចាស់កម្ពុជា ដោយកំណត់យកថ្ងៃ១តុលា ជារៀងរាល់ឆ្នាំ ស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
ប្រធានមន្ទីរ បានបន្ដថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១តុលា នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកនូវគុណូបការៈ ដែលមិនអាចកាត់ថ្លៃបាន ព្រោះមនុស្សចាស់ គឺជាធនធានដ៏មានសារៈសំខាន់បំផុត ដែលកន្លងមកមនុស្សចាស់ បានផ្ដល់ចំណេះដឹងបទពិសោធន៍ ជាច្រើនលើសលប់ សម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ ហើយមនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សានូវសមិទ្ធផលជាតិ ស្នាដៃប្រវត្តិសាស្រ្តទាំងឡាយ សម្រាប់មនុស្សជាតិទូទៅ។
ក្នុងឧកាសនោះដែរលោក វ៉ា ថន ក៏បានអានសារផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ និងបានសំណេះសំណាល ជាមួយមនុស្សចាស់ ហើយលោកបានលើកឡើងថា មនុស្សចាស់ជាឃ្លាំងចំណេះដឹងជាឃ្លាំងប្រវត្តិសាស្រ្ត សម្រាប់ក្មេងជំនន់ក្រោយ មនុស្សចាស់បន្សល់ទុក នូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនន់នេះ និងជំនន់ក្រោយហើយយុវជនជំនន់ក្រោយត្រូវតែដឹងគុណ ចំពោះមនុស្សចាស់មិនអាចបំភ្លេចបាន។
សូមបញ្ជាក់ថា ក្នុងពិធីប្រារពទិវាមនុស្សចាស់នេះ លោក ចាន់ សុគុណ បាននាំយកអំណោយចែកជូនមនុស្សចាស់ និងចាស់ជរាចំនួន ជាង៣០០នាក់ ក្នុង១នាក់ទទួលបានក្រម៉ា១ ភួយចំនួន១ សារ៉ុង១ ក្នុងនោះផងដែរលោក វ៉ា ថន ក៏បានឧបត្ថម្ភថវិកា ដល់មនុស្សចាស់ទាំងអស់ ក្នុងម្នាក់២០០០០រៀល ផងដែរ៕