(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកាប្រមាណ ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិកប្រគល់ជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» ដើម្បីរួមចំណែកទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ថវិកាទាំងនេះទទួលបានពីអង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៧៦,០០៦,០០០រៀល, កម្មវិធីជិះកង់ដើម្បីសុខភាព-ត្រួតពិនិត្យផ្លូវ នៅខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ចំនួន ៩៥,៤៨២ដុល្លារអាមេរិក និងថវិកាផ្ទាល់របស់លោកទេសរដ្ឋមន្ត្រីចំនួន ៥,០០០ដុល្លារអាមេរិក។
ថវិកាជួយគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមនឹងថ្នាក់ដឹកនាំក្រសួងនាំយកទៅជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ។
លោកឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរលោក ស៊ុន ចាន់ថុល និងសហការីទាំងអស់ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីសាវតានៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាការរួមចំណែករបស់មូលនិធិគន្ធបុប្ផាស្វីស និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដើម្បីចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលដើម្បីការងារមនុស្សធម៌នេះ និងសន្យាបន្ត និងបំផុសចលនាគាំទ្រ និងចូលរួមជាមួយ «មូលនិធិគន្ធបុប្ផាកម្ពុជា»។
ក្នុងឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឱ្យរួមគ្នាធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង តាមរយៈការចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទៅតាមលទ្ធភាព ដោយប្រកាន់ខ្ជាប់នូវស្មារតី និងគុណធម៌ «ខ្មែរជួយខ្មែរ» ដើម្បីស្នាមញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា និងដើម្បីការអភិវឌ្ឍន៍របស់កម្ពុជា៕