(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកដែលបានពលីមរណៈក្នុងរយៈកាលកន្លងមក។
វត្តទាំង០៣ ដែលមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តនៅថ្ងៃទី២៥ និងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖ វត្តនន្ទមុន្នី ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ, វត្តកែវមុន្នី ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាសទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ ដើម្បីឧទ្ទិសកុសលជូនដល់ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ព្រមទាំងមិត្តរួមការងារ និងមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសទៅនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរឲ្យពួកគេវិញ ទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចម្រើនតទៅថ្ងៃមុខ។
បន្ទាប់ពីបានបញ្ចប់កម្មវិធីបុណ្យ ក្នុងវត្តទាំង០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតចុះទៅត្រួតពិនិត្យលទ្ធផល នៃការសាងសងជួសជុលកែលំអរ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាបឋមសិក្សាកែវមុន្នី ដែលលោកបានឧបត្ថម្ភកន្លងមក រួមមាន ប្រព័ន្ធរំដោះទឹកជុំវិញសាលា, ចាក់ដីបំពេញទីធ្លា និងចាក់បេតុង សាលាទាំងមូល, កសាងប្រព័ន្ធផ្លូវបេតុងក្នុងសាលា, កសាងកន្លែង សម្រាប់សិស្សលេង, ជួសជុលបន្ទប់ទឹក, កសាងរបងបន្ថែម និងជួសជុលឡើងវិញ, ធ្វើសួនច្បារ និងលាបថ្នាំតាមអាគារឡើងវិញ៕