(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកងទ័ព ដែលកំពុងឈរជើងការពារព្រំដែន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន ពលទាហាន នៃវរការពារព្រំដែនលេខ៣៩៤ ចំណុះកងពលធំលេខ៩ តំបន់មុំបី តាមបន្ទាត់ព្រំដែនទិសប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលចង់សម្ព័ន្ធភាពជាមួយខណ្ឌទាំងពីរ។
លោក នុត ពុធដារ៉ា បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ចំពោះបងប្អូនកងទ័ពទាំងអស់ ព្រមទាំងបានលើកឡើងអំពីការផ្សាភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជានិច្ចកាលមិនអាចកាត់ផ្តាច់ពីគ្នាបាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។
លោកអភិបាល បានផ្តាំផ្ញើរដល់កងទ័ពទាំងអស់ កុំឲ្យជឿតាមការញុះញង់ បំបែកបំបាក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងការពារសុខសន្តិភាព និងប្តេជ្ញាចិត្តការពាររាជដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាការពារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកវរសេនីយ៍ឯក យឿង សែ មេបញ្ជាការវរសេនាតូច៣៩៤ និងនាយទាហាន ពលទាហានទាំងអស់ បានប្តេជ្ញាចិត្តការពាររាជដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងប្តេជ្ញាស្មោះត្រង់ និងការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាដរាប និងប្រឆាំងដាច់ខាតការប៉ុនប៉ង បំបែកបំបាក់ និងធ្វើបដិវត្តពណ៌របស់ក្រុមឧទ្ទាមក្រៅច្បាប់។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានផ្តល់ជូនដល់កងទ័ព រួមមាន មេបញ្ជាការវរ៣៩៤ ចំនួន១,៦០០,០០០រៀល, មេបញ្ជការរងកងពលលេខ៩ ចំនួន៥០០,០០០រៀល, មេបញ្ជាការរងវរ ក្នុងម្នាក់៤០០,០០០រៀល, ជំនួយការវរ ក្នុងម្នាក់២៥០,០០០រៀល, មេបញ្ជាការកងអនុសេនាធំ ក្នុងម្នាក់២០០,០០០រៀល, មេបញ្ជាការរងកងអនុសេនាធំ ក្នុងម្នាក់២០០,០០០រៀល, មេបញ្ជាការកងអនុសេនាតូច ក្នុងម្នាក់១៥០,០០០រៀល, មេបញ្ជាការរងកងអនុសេនាតូច ក្នុងម្នាក់១៥០,០០០រៀល, ពលទាហាន ក្នុងម្នាក់១០០,០០០រៀល។
ក្នុងនោះក៏បានឧបត្ថម្ភដល់នាយទាហាន ពលទាហានទាំងអស់ ក្នុងម្នាក់ ឃីត១កញ្ចប់ (រួមមាន ទឹកក្រូច ទឹកផ្លែឈើ ទឹកដោះគោ) មី០១កេស និងនំអន្សមចេក អន្សមជ្រូក ចំនួន០៤។ ឧបត្ថម្ភដល់អង្គភាព ក្បាលគោយន្ត០១គ្រឿង, តង់១៨០, អាគុយ០៥, ឌីណាម៉ូ០១គ្រឿង, អង្ករ១៤បាវ, មី១៥០កេស, ទឹកក្រូច៥៩កេស, ទឹកដោះគោ០១កេស, ត្រីខ០១កេស, ទឹកត្រី២១យួរ និង៣០០កំប៉ុង, ទឹកស៊ីអ៊ីវ១៨យួរ, ស្ករស៣០គីឡូក្រាម, តែ០១បាវធំ, ត្រីងៀត១៥គីឡូក្រាម សរុបថវិកា៦០,០០០,០០០រៀល៕