(ភ្នំពេញ)៖ កម្ពុជាបានកំណត់យកខេត្តកំពតជាទីតាំងប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទេសចរណ៍ និងការងារ៖ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា» ជាក់ស្ដែងនាថ្ងៃទី២៥ ខែកញ្ញានេះ ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តកំពត បានសហការគ្នារៀបចំព្រឹត្តិការណ៍នេះឡើង ដោយបានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗពាក់ព័ន្ធវិស័យទេសចរណ៍ពិភពលោក តំបន់ និងក្នុងប្រទេសផងដែរ។
លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោក មានគោលបំណងផ្សព្វផ្សាយនូវទស្សនទានថ្មីៗ និងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទេសចរណ៍ជុំវិញពិភពលោក ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្លើយតបនឹងនិន្នាការសាកលលោកថ្មីៗនាពេលបច្ចុប្បន្ន និងអនាគត។
លោកបានបន្តថា ឆ្នាំ២០១៩នេះ អង្គការទេសចរណ៍ពិភពលោកបានកំណត់យកការប្រារព្ធទិវានេះ ក្រោមប្រធានបទ «ទេសចរណ៍ និងការងារ៖ អនាគតកាន់តែសើរសម្រាប់យើងទាំងអស់គ្នា» ដែលនឹងរៀបចំប្រារព្ធជាផ្លូវការនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៩ ខាងមុខ អមដោយវេទិកាពិភាក្សាស្ដីអំពី ការងារ និងជំនាញក្នុងវិស័យទេសចរណ៍។
ទិវានេះក៏នឹងដាក់ចេញនូវអនុសាសន៍ដល់ប្រទេសជាសមាជិកអង្គការទេសចរណ៍ពិភពលោក ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ឆ្ពោះទៅរក្សាកំណើនប្រកបដោយចីរភាព ជាពិសេសដាក់ចេញនូវគំរូ និងអភិក្រមនៃការអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងការងារ ឆ្លើយតបនឹងតម្រូវការរបស់ទេសចរ ស្របតាមនិន្នាការសាកលភាវូបនីយកម្ម ការយកចិត្តទុកដាក់ផ្នែកបរិស្ថានកាន់តែខ្លាំងឡើង និងកំណើននៃការប្រកួតប្រជែងរវាងគោលដៅទេសចរណ៍ ក្នុងបរិបទនៃយុគសម័យឌីជីថល។
ឆ្នាំ២០១៨ កន្លងទៅ ទោះបីមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមួយចំនួនក្តី វិស័យទេសចរណ៍នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ពោលទេសចរអន្តរជាតិចេញដំណើរកម្សាន្តក្នុងពិភពលោកទាំងមូល មានរហូតដល់ ១,៤០០លាននាក់ ក្នុងអត្រាកំណើន ៥% លើសការព្យាករណ៍ទុក។
វិស័យទេសចរណ៍ពិភពលោក នៅតែជាវិស័យដ៏សំខាន់មួយចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុប ពោលក្នុងចំណោមការងារ ១០ មាន ១ ជាការងារផ្នែកទេសចរណ៍ ចូលរួម ១០% នៃផលិតផលសរុបក្នុងសរុបរបស់ពិភពលោក (World GDP) បង្កើតចំណូលនាំចេញ ចូលសេដ្ឋកិច្ចជាតិប្រមាណ ១.៧ទ្រីលានដុល្លារអាមេរិក ស្មើនឹង ៧% នៃការនាំចេញសរុបរបស់ពិភពលោក និង ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។
ឆ្នាំ២០១៩ ទេសចរណ៍ពិភពលោករំពឹងថានឹងបន្តកើនឡើងតទៅទៀត ក្នុងអត្រា ៤% ហើយរំពឹងថានៅឆ្នាំ២០២០ ទេសចរណ៍ពិភពលោកអាចកើនដល់ ១,៦០០លាននាក់ និងនៅឆ្នាំ២០៣០ អាចកើនដល់ ១,៨០០លាននាក់។
ដោយឡែកក្នុងតំបន់អាស៊ាន ទេសចរអន្តរជាតិឆ្នាំ២០១៨ បានកើនឡើងដល់ ១៣៥លាន ក្នុងអត្រាកំណើន ៧.៦% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ានមានប្រមាណ ៤០%។ វិស័យទេសចរណ៍អាស៊ាន បានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ១០% នៃផលិតផលក្នុងស្រុកសរុប។ អាស៊ានទាំងមូលសង្ឃឹមថា នឹងរក្សាកំណើនចន្លោះ ៧-៨% នៅឆ្នាំ២០១៩នេះ។
ចំពោះកម្ពុជាវិញ ក្នុងពេល៧ខែដើមឆ្នាំ២០១៩ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៣.៨៤លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ជាចក្ខុវិស័យ នៅឆ្នាំ២០១៩ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ៦.៦លាននាក់ ឆ្នាំ២០២០ អាចទទួលបានជាង ៧លាននាក់ ឆ្នាំ២០២៥ អាចទទួលបាន ១១លាននាក់ និងនៅឆ្នាំ២០៣០ អាចទទួលបាន ១៥លាននាក់។
ដើម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវមុំយុទ្ធសាស្រ្តចំនួន ៤ រួមមាន៖
១៖ ការបង្កើតនិងផ្សព្វផ្សាយផលិតផលថ្មីៗ
២៖ ការពង្រឹងគុណភាពសេវាកម្មតាមយុទ្ធនាការសេវាមួយ ស្តង់ដាមួយ
៣៖ ការអភិវឌ្ឍធនធានមនុស្សតាមយុទ្ធនាការបុគ្គលិកម្នាក់ ជំនាញមួយ។
៤៖ ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism)។
ស្របនឹងការយកចិត្តទុកដាក់របស់ពិភពលោក ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស ហើយបានចាត់ទុកជាស្នូលទ្រទ្រង់នូវកំណើនប្រកបដោយចីរភាព និងចូលរួមសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងទេសចរណ៍ បានដាក់ចុះ និងអនុវត្តយ៉ាងសកម្មភាពនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលមានចក្ខុវិស័យ៖ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព ឆ្នាំ២០២៥ សម្រេចឲ្យបានយុទ្ធនាការបុគ្គលិកម្នាក់ជំនាញមួយ ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព និងឆ្នាំ២០៣០ សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4: ការសិក្សាពេញមួយជីវិត (Lifelong Learning)។
ជាមួយគ្នានោះ លោក ទិត ចន្ថា ក៏បានផ្ដល់យោបល់មួយចំនួននៅក្នុងអង្គពិធីផងដែរ ក្នុងនោះរួមមាន៖
១៖ ឆ្នាំ២០១៩នេះ ត្រូវបានកត់សម្គាល់ជាឆ្នាំដែលសេដ្ឋកិច្ចពិភពលោកអាចមានកំណើនធាក់ថយ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ការចាកចេញពីសហគមន៍អឺរ៉ុបរបស់អង់គ្លេស សភាពការនយោបាយអន្តរជាតិមានភាពតឹងតែង ការគំរាមកំហែងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា បាតុកម្មនៅហុងកុងជាដើម។ កត្តាទាំងនេះអាចនឹងមានឥទ្ធិពលផ្ទាល់ ឬប្រយោលដល់វិស័យទេសចរណ៍ពិភពលោក ក៏ដូចជាគោលដៅទេសចរណ៍មួយចំនួនផងដែរ។
២៖ ក្រសួងទេសចរណ៍នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនដែលកំពុងបម្រើការងារ ក៏ដូចជាសិស្ស-និស្សិតកំពុងសិក្សាឱ្យទទួលបានសមត្ថភាពខ្ពស់ ស្របតាមស្តង់ដាកម្មវិធីសិក្សាជាតិ និងអាស៊ាន តាមរយៈការបន្តដាក់ចុះ និងអនុវត្តយុទ្ធនាការបុគ្គលិកម្នាក់ ជំនាញមួយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥។
៣៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលនានា គួរធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់ខ្លួនជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជំនាញ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពោលគឺអភិក្រមនៃការបណ្តុះបណ្តាលជំនាញ ត្រូវផ្តោតផងដែរលើការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឯង ក្នុងការសម្របខ្លួនទៅនឹងនិន្នាការថ្មីៗនៅថ្ងៃអនាគត។
៤៖ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវគិតគូរបន្ថែមដល់ការព្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន ដោយត្រូវមានកម្មវិធីអភិវឌ្ឍន៍ជំនាញ និងរក្សាទេពកោសល្យ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងឧត្តមភាពនៃការប្រកួតប្រជែងរបស់ខ្លួន៕