(កំពង់ស្ពឺ)៖ លោកស្រី យឹម ពេជ្រម៉ាលីកា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាសមាជិកគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាតំណាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកវគ្គផ្សព្វផ្សាយអនុសាសន៍១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុសាសន៍ ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អនុសញ្ញាស៊ីដ និងការតាមដានត្រួតពិនិត្យវាយតម្លៃ នៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ របស់គណៈកម្មាធិការទទួលបន្ទុករយនឌ័រក្រសួង នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ។
លោកស្រី យឹម ពេជ្រម៉ាលីកា បានបញ្ជាក់ថា ដោយអនុលោមលទ្ធផល នៃសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ រដ្ឋមន្រ្តី អ៊ិត សំហេង ការប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ (២០១៩ ២០២៣)។
ដោយឡែក កាលពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រសួងបានប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩ ២០២៣ ដោយបានស្នើដល់អង្គភាពក្រោមឱវាទទាំងអស់ បន្តយកចិត្តទុកដាក់បំពេញ ការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈម្ចាស់ការស្របតាមផែនការយុទ្ធសាស្រ្តទាំងពីរខាងលើ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយ ផែនការសកម្មភាពផ្សេងៗ ទៀតប្រកបដោយភាពជោគជ័យ។
លោកស្រីក៏ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា បានទទួលនូវមនុញ្ញផល ដោយបន្តរក្សាបានសន្តិភាព ស្ថិរភាព ឯករាជ្យភាពពេញបរិបូរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយរក្សាអត្រាកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ ដែលតាមរយៈនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឯកត្តទ ដែលមានស្ថិរភាពកំណើនសេដ្ឋកិច្ចខ្ពស់ លើសកលលោក។
ព្រមជាមួយគ្នានេះ អត្រាមានការងារធ្វើ៩៩,៣% និងមិនមានការងារធ្វើតែចំនួន០,៧% តែប៉ុណ្ណោះ ដែលធ្វើឲ្យកម្ពុជា បានប្តូរពីប្រទេសក្រីក្រមកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅអភិវឌ្ឍឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរបាយការណ៍ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ឃើញថា មានគោលនយោបាយ ចំនួនពីរគឺ ទី១៖ បង្កើតការងារជូនដល់យុវជន ដែលត្រូវដល់អាយុចូលដល់ក្នុងទីផ្សារពលកម្ម តាមរយៈការទាក់ទាញវិនិយាគិន នៅតាមវិស័យអាទិភាពដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ដោយធានាភាពសុខដុមរមនារវាងកម្មករ និយោជិត និងនិយោជក និងទី២៖ បណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ បានបន្តរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យសហគ្រាស គ្រឹះស្ថាន មានការកើនឡើងគួរឲ្យកត់សំគាល់៕