(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូរដ្ឋសភា ចុះជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្ត។
បន្ទាប់ពីបានស្តាប់របាយការណ៍រួមរបស់ លោកអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្រោមបន្ទុក, លោក ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹង របស់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយនូវបញ្ហាបន្ទាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី បានលើកឡើងថា បើទោះបីជាមានមតិលើកឡើងលើចំណុចផ្សេងៗ ដែលកើតមានក្នុងខេត្ត តាមបណ្តាញសង្គមក្តី តែក្នុងនោះ ក៏មានសកម្មភាពជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្ត ក្នុងការដាក់ចេញជាវិធានការទាន់ពេលវេលា និងយ៉ាងហ្មត់ចត់ ដើម្បីឆ្លើយតបកង្វល់ប្រជាជន ក៏ដូចជាសម្រួលការបម្រើសេវាសាធារណៈក្នុងខេត្តទាំងមូលផងដែរ។
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានបន្ថែមថា បើទោះជាបញ្ហាផ្សេងៗ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ដោយជោគជ័យ ការបន្តហូរចូល នៃក្រុមហ៊ុនវិនិយោគមកខេត្តនេះ ទាមទារឲ្យរដ្ឋបាលខេត្តបន្តសិក្សា វាយតម្លៃស្ថានភាពក្នុងមូលដ្ឋាន ដោយបន្តកំណត់នូវប្រភពបញ្ហាឲ្យបានច្បាស់លាស់ ហើយបន្តបំពេញការងារបម្រើប្រជាជនឲ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពជាងមុន។
ជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា លោក គួច ចំរើន បានលើកឡើងថា ការរីកចម្រើននៅខេត្តព្រះសីហនុ មានភាពក្លៀវក្លា និងឆាប់រហ័ស ដែលសន្ទុះយ៉ាងលឿននេះ បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង ជៀសមិនរួច។
លោកបន្ថែមពីនេះ ពីមុនក្រុងនេះ គ្រាន់តែជាក្រុងទេសចរណ៍មួយប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក្រុងព្រះសីហនុ បានប្រែខ្លួនទៅជាក្រុងពហុវិស័យ ដ៏មានសក្តានុពល ដែលទាមទារជាចាំបាច់នូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននេះ។ ក្នុងនាម ជាអាជ្ញាធរ រដ្ឋបាលខេត្ត បានកត់សម្គាល់ពីបញ្ហាទាំងនេះ ហើយបាននឹងកំពុងធ្វើការឆ្លើយតប និងរៀបចំផែនការឆ្លើយតបជាបណ្តើរៗហើយ៕