(កំពង់ធំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសង់ផ្ទះថ្មីចំនួន៣ខ្នងបន្ថែម ជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន៣គ្រួសារ ដែលរស់ក្នុងភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ អំណោយនេះត្រូវបានប្រគល់ ជូនតាមរយៈ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ផ្ទះថ្មីជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អញ្ជើញទៅប្រកាសសាងសង់ផ្លូវការហើយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
ពលរដ្ឋខ្វះខាត និងជនចាស់ជរា ដែលទទួលបានផ្ទះថ្មីទាំង៣គ្រួសារនេះ ទី១៖ លោកយាយ ទិត គា, ទី២៖ អ្នកស្រី អិត អ៊ន និងទី៣៖ លោក ស្រី ម៉ឺន ទាំង៣គ្រួសារនេះរស់នៅ ក្នុងភូមិត្បូងក្រពើ ឃុំកកោះដូចគ្នា។ ផ្ទះដែលសាងសង់ជូននេះគឺសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងមានតម្លៃ១ពាន់២រយដុល្លាអាមេរិក។
លោកស្រី ខៀវ ស៊ីណា បានបញ្ជាក់ថា ជាការពិតសម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតជានិច្ច ពិសេសគ្រួសារជាស្ត្រីមេម៉ាយ ចាស់ជរា និងកុមារកំព្រា។ ជាក់ស្ដែងដូចផ្ទះ៣ខ្នងដែលត្រូវបាន សាងសង់ជូនប្រជាពលរដ្ឋនៅពេលនេះជាសក្ខីភាពស្រាប់ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រប់ពេលវេលាសម្ដេចទាំង២រស់នៅ ជាមួយសុខទុក្ខរបស់ជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកស្រីបន្ដថា ដូចនេះបងប្អូនត្រូវតែរស់នៅក្នុងក្ដីសង្ឃឹម និងត្រូវខិតខំតស៊ូជាបន្តទៀតដ៏រាបណា មានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា គិតចាប់ត្រឹមឆ្នាំ២០០៨មកដល់ពេលនេះ តាមរយៈលោកស្រី ខៀវ ស៊ីណា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋជាអ្នកក្រីក្រ ចាស់ជរា និងគ្រួសារស្ត្រីមេម៉ាយ ក្នុងស្រុកសន្ទុកមានចំនួន៣៣៦ខ្នងហើយ៕