(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ពិធីដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនេះ នឹងត្រូវរៀបចំយ៉ាងអធិកអធមដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកអគ្គរាជទូត និងរដ្ឋទូតជាច្រើនរូបទៀតរបស់បណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន (ចិនកុម្មុយនិស្ត) ត្រូវបានលោក ម៉ៅ សេទុង ប្រកាសបង្កើតឡើង នៅទីក្រុងប៉េកាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្រោយពីបានបណ្តេញរដ្ឋាភិបាលគួមីនតាង របស់ ចាង កាយចៀក ឲ្យធ្លាក់ពីអំណាច ហើយរត់ទៅបង្កើតរដ្ឋាភិបាលនិរទេសនៅកោះតៃវ៉ាន់។

ការឡើងមកកាន់អំណាចរបស់បក្សកុម្មុយនិស្តចិនបានកើតឡើង ដោយសារចរន្តបី នៃសាធារណមតិចិនរួមមាន៖
១៖ ចលនាជាតិនិយមចិនប្រឆាំងនឹងបរទេស ដែលបានកើតមានឡើងចាប់តាំងពីសង្រ្គាមអាភៀន នៅអំឡុងសតវត្សរ៍ទី១៩
២៖ ការចងអាឃាតរវាងវណ្ណៈខ្ពស់ទាប ជាពិសេស រវាងវណ្ណៈកសិករ និងអភិជនម្ចាស់ដី
៣៖ ការខឹងសម្បាររបស់ប្រជាជនទូទៅគ្រប់វណ្ណៈទាំងអស់ចំពោះអំពើពុករលួយ និងអសមត្ថភាពរបស់របស់រដ្ឋាភិបាលគួមីនតាងរបស់ ចាង កាយចៀក
នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ប្រជាជនចិនទាំងអស់ត្រូវបានគេបែងចែកជាវណ្ណៈកសិករ វណ្ណៈមធ្យម និងវណ្ណៈអភិជនម្ចាស់ដី ហើយរដ្ឋាភិបាលកុម្មុយនិស្តចិនតែងតែរៀបចំឲ្យមានកិច្ចប្រជុំជាសាធារណៈ ដើម្បីបើកឲ្យវណ្ណៈកសិករធ្វើការរិះគន់ពួកអភិជន ព្រមទាំងដាក់សម្ពាធឲ្យពួកគេសារភាពនូវទោសកំហុសពីអតីតកាល ឬបោះបង់នូវដីធ្លី ឬទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីយកទៅដាក់ជាសម្បត្តិរួម។

ក្នុងចន្លោះពីឆ្នាំ១៩៤៩ ទៅឆ្នាំ១៩៥៧ ដីធ្លីកសិកម្មទាំងអស់នៅក្នុងប្រទេសចិនត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តរៀបចំដាក់ជាសម្បត្តិរួម ឬដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សមូហភាព ដែលគេឲ្យឈ្មោះថា «ក្រុមសាមគ្គីបង្កបង្កើនផល» ហើយផលដែលក្រុមសាមគ្គីផលិតបានត្រូវកាត់ឲ្យរដ្ឋពី ៥% ទៅ ១០%។

សកម្មភាពសេដ្ឋកិច្ចនៅតាមទីក្រុងវិញក៏ត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តផងដែរ ដោយគ្រប់សហគ្រាសឯកជនទាំងអស់ត្រូវរដ្ឋាភិបាលកុម្មុយនិស្តយកមកដាក់ជាកម្មសិទ្ធិរបស់រដ្ឋ ហើយរាល់សកម្មភាពរកស៊ីជាលក្ខណៈឯកជនទាំងអស់ត្រូវដាក់ឲ្យនៅក្រៅច្បាប់។

អ្នកជំនួញណាដែលសុខចិត្តសហការជាមួយបក្សកុម្មុយនិស្ត ត្រូវបានរក្សាឲ្យនៅកាន់តំណែងនៅក្នុងក្រុមហ៊ុន តែក្នុងឋានៈជាបុគ្គលិករដ្ឋ។ ចំណែកឯអ្នកជំនួញដែលមិនព្រមសហការជាមួយបក្សកុម្មុយនិស្ត ត្រូវប្រឈមមុខនឹងការដាក់ទោស ហើយខ្លះក៏ត្រូវបង្ខំចិត្តចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ ដោយរត់ភៀសខ្លួនចេញទៅតៃវ៉ាន់ ឬហុងកុង។

របបសាធារណរដ្ឋប្រជាមានិត ក្នុងរយៈពេលប្រមាណ២៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង ជាមួយការប្រើនយោបាយសេដ្ឋកិច្ចបែបផែនការមិនបានធ្វើឱ្យប្រទេសនេះបានស្គាល់នូវការរីកចម្រើនប៉ុន្មាននោះឡើយ ប្រជាពលរដ្ឋជាច្រើនត្រូវរស់នៅក្រោមបន្ទាប់ភាពក្រីក្រ និងការអត់ឃ្លាន។

សករាជថ្មីនៃភាពត្រជះត្រចង់របស់សាធារណរដ្ឋប្រជាមានិតចិន បានកើតមានឡើងនៅក្រោយឆ្នាំ១៩៧៦។ បន្ទាប់ពីលោកប្រធាន ម៉ៅ សេទុង បានទទួលមរណភាពនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយសារតែជំងឺនោះ លោក តេង ស៊ាវពីង ត្រូវបានជ្រើសតាំងឱ្យឡើងកាន់តំណែងជាប្រធានាធិបតី។

ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ដែលគេប្រសិទ្ធនាមជាបុរសរដ្ឋកំណែទម្រង់ បានផ្លាស់របបសេដ្ឋកិច្ចរបស់ខ្លួនពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី។ ជាមួយការកែទម្រង់របបសេដ្ឋកិច្ចនេះ លោក តេង ស៊ាវពីង បានបង្កើតទ្រឹស្តីថា «ឆ្មាស ក៏ដោយ ឆ្មាខ្មៅ ក៏ដោយ ឱ្យតែចាប់កណ្តុរបាន គឺជាឆ្មាល្អ» ដែលបានសេចក្តីថា បែបផែនសេដ្ឋកិច្ចបែកុម្មុយនិស្តក្តី បែបសេរីក្តី ឱ្យតែមានប្រយោជន៍ដល់ប្រទេសចិននោះ គឺជាប្រព័ន្ធល្អហើយ។

ការធ្វើសម្រេចចិត្តប្រកបដោយភាពប្រកដនិយមនៃរបបទីផ្សាររបស់លោក តេង ស៊ាវពីង បានធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនបានរីកចម្រើនជាបន្តបន្ទាប់ ងើបផុតពីឋានៈជាប្រទេសក្រីក្រយ៉ាងឆាប់រហ័ស ហើយដណ្តើមឋានៈជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើលោកនៅក្នុងឆ្នាំ២០១០ ជាមួយនឹងចំណូលនៃផលិតផលក្នុងស្រុកសរុបជិត ៦លាន លានដុល្លារ។

មកដល់ពេលបច្ចុប្បន្ននេះប្រទេសចិន នៅតែបន្តឈរជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ជាមួយការបោះជំហ៊ានផ្នែកសេដ្ឋកិច្ចទៅមុខយ៉ាងរឹងមាំ។

ជាមួយនឹងការរីកចម្រើនដ៏អស្ចារ្យនេះ របបសាធារណរដ្ឋប្រជាមានិតចិន បានក្លាយទៅជាទីពេញចិត្តពេញថ្លើមយ៉ាងខ្លាំងក្លាសម្រាប់ប្រជាជនចិន។ ដើម្បីបំពេញបំណងប្រាថ្នានៃការរស់នៅដោយសេចក្តីសុខរបស់ប្រជាជនចិន និងជំរុញការអភិវឌ្ឍរបស់ចិន លោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលជាប្រធានាធិបតីទី៧របស់ចិននាពេលបច្ចុប្បន្ន បានដាក់ចេញនូវការធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួន និងដាក់ចេញនូវគោលនយោបាយឆ្ពោះទៅខាងក្រៅជាច្រើនទៀត ដូចជាផែនការយក្សខ្សែក្រវាត់ និងផ្លូវជាដើម។

បច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិន មានចំណូលផលិតផលក្នុងស្រុកសរុប ឬហៅថា GDP ប្រចាំឆ្នាំជាង ១៤លាន លានដុល្លារអាមេរិក ខណៈប្រជាពលរដ្ឋម្នាក់មានចំណូលប្រចាំឆ្នាំជាង ១ម៉ឺនដុល្លារអាមេរិក៕