(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា រាល់ការបំពេញសំណុំឯកសារ ពាក្យស្នើសុំចូលរៀន ប្រឡងអាហារូបករណ៍ និងពាក្យសុំប្រឡងក្របខណ្ឌគ្រូ គ្រប់កម្រិតទាំងអស់ ពុំតម្រូវឲ្យភ្ជាប់វិញ្ញាបនបត្របណ្ដោះអាសន្ន ក្នុងសំណុំលិខិតស្នើសុំទេ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្រសួងអប់រំ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រសួងសង្កេតឃើញ ប្អូនៗសិស្សានុសិស្ស បន្ទាប់ពីការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តែងប្រញាប់ប្រញាល់ មកស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ ដើម្បីប្រើប្រាស់ក្នុងមូលហេតុផ្សេងៗ ហើយក៏ត្រូវយកទៅធ្វើនិត្យានុកូលកម្មជាបន្តទៀត។
ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្អូនៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ២០១៩ ក្រសួងសូមជម្រាបថា នៅក្នុងការបំពេញសំណុំឯកសារ ពាក្យស្នើសុំចូលរៀន នៅគ្រឹះស្ថានឧត្តមសិក្សា ពាក្យស្នើសុំប្រឡងចូលរៀន នៅគ្រឹះស្ថានឧត្តមសិក្សា ពាក្យស្នើសុំអាហារូបករណ៍ ក៏ដូចជាពាក្យស្នើសុំប្រឡងក្របខណ្ឌ គ្រូគ្រប់កម្រិតទាំងអស់ ក្រសួងអប់រំ ពុំតម្រូវឲ្យភ្ជាប់វិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងសំណុំលិខិតស្នើសុំទេ។
ក្រសួងអប់រំ បានបញ្ជាក់ទៀតថា ប្អូនៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ អាចដាក់ជូនគ្រឹះស្ថានឧត្តមសិក្សា ឬសាលាគរុកោសល្យ នូវវិញ្ញាបនបត្របណ្តោះអាសន្ន ក្រោយពេលប្អូនៗចូលរៀនបានមួយរយៈ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ៖