(កែប)៖ វិថីដូហ្វីនស្ថិតនៅជិតមាត់ឆ្នេរ នៃខេត្តកែប នឹងក្លាយទៅជាវិថីលក់ម្ហូបអាហារ ខណៈនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រឡងប្រណាំង «ស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកែប»។
សិក្ខាសាលានេះធ្វើឡើងក្រោមការដឹកនាំដោយលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ និងលោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប និងមានការចូលរួមពីមន្ត្រីរាជការ សមាជិក-សមាជិកគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតខេត្តកែប មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តកែប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកែប សរុបប្រមាណ ១០០នាក់។
ជាមួយគ្នានេះ មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ក៏បានធ្វើការបង្ហាញអំពី៖
១៖ ស្ដង់ដាសេវាកម្មវិថីលក់ម្ហូបអាហារ ដែលជាលក្ខណវិនិច្ឆ័យសម្រាប់ការរៀបចំវិថីលក់ម្ហូបអាហារ Food Street Standard។
២៖ ប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food Classification ដែលជាលក្ខណវិនិច្ឆ័យសម្រាប់ឱ្យប្រតិបត្តិករទេសចរណ៍រៀបចំតូបលក់ម្ហូបអាហាររបស់ខ្លួនបានកាន់តែល្អជាងមុន។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានបានស្នើបន្ថែមដល់រដ្ឋបាលខេត្តកែប ក៏ដូចជាអង្គសិក្ខាសាលានូវចំណុចសំខាន់ ២ ដែលរួមមាន៖
១៖ សូមមន្ទីរទេសចរណ៍ខេត្តកែប ជួយផ្សព្វផ្សាយបន្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យចូលរួមជាមួយរដ្ឋបាលខេត្តកែប ក៏ដូចជារដ្ឋបាលក្រុងកែប ក្នុងការចូលរួមរៀបចំវិថីលក់ម្ហូបអាហារខេត្តកែបឱ្យកាន់តែល្អប្រសើរ។
២៖ ស្នើរដ្ឋបាលខេត្តកែបបន្តសហការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីរៀបចំអោយមាន «វិថីលក់ម្ហូបអាហារខេត្តកែប» ឱ្យបានកាន់តែឆាប់។
គួរបញ្ជាក់ថា សម្រាប់ការរៀបចំវិថីលក់ម្ហូបអាហារខេត្តកែប រដ្ឋបាលខេត្តកែបបានកំណត់ជ្រើសរើសវិថីដូហ្វីន រៀបចំជាវិថីលក់ម្ហូបអាហារក្នុងខេត្តកែប៕