(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ អមដំណើរដោយលោកស្រី ថ្នាក់ដឹកនាំ និងបណ្ដាញសមាគមនារីមន្ទីរជុំវិញខេត្ត ព្រមទាំងលោកតា-លោកយាយ ប្រជាពលរដ្ឋចំណុះជើងវត្ត អញ្ជើញចូលរួមដាក់បិណ្ឌវេនទី១២ នៅវត្តទួលព្រះពន្លា ស្ថិតក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ប្រធានកិត្ដិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី ម៉េង វ៉ាន់ដានីន ដែលត្រូវជាភរិយា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥លានរៀល និង៨០ដុល្លារ ទៅប្រគេនជូនវត្តព្រះពន្លា សម្រាប់ចូលរួមទ្រទ្រង់ ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិកា ដល់លោកតា-លោកយាយ និងប្រជាពលរដ្ឋក្នុងម្នាក់ៗ១ម៉ឺនរៀល ក៏ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។
នាវេលាដ៏ប្រពៃធ្វើបុណ្យចែកទៀន រាប់បាត្រ បង្សុកូល លោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានឧទ្ទិសកុសល្យផលបុណ្យ ដែលបានសាងឡើងដោយសទ្ធាជ្រះថ្លា ជូនដល់ដួងវិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា គ្រប់ៗក្រុមគ្រួសារ៕