(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រឹងប្រែងប្រមូលកម្លាំងគ្រប់មធ្យោបាយដែលមាន ក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានទាន់ពេលវេលា។
លោក ផាន់ ចាន់ធុល បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោក និងលោក ឃ្លោក នួយ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារ យកគ្រឿងចក្រចុះកាយរំដោះទឹក ដែលលិចលង់លំនៅដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលរងគ្រោះខ្លាំងជាងគេ។
លោក ផាន់ ចាន់ធុល បានណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំបណ្តែតបណ្តោយឲ្យលេងទឹក ក្រែងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសត្វអសិរពិសទិច ឬខាំ បើក្នុងករណីកើតមានត្រូវបញ្ជូន ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា ដោយសាររដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀង ជាយថាហេតុ ដូច្នេះអាជ្ញាធរខេត្ត បានរៀបចំក្រុមការងារគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមចុះអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព ក្នុងករណីមានជំនទឹកភ្លៀងកើតឡើង។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី ៤៥ ទៅ៧៥មីល្លីម៉ែត្រ ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួន នៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការជន់លិចដោយសារជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ក្នុងនោះ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទឹកជន់លិចផ្សារសាលាក្រៅ០១កន្លែង ជន់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៥២ខ្នង ផ្លូវលំគ្រួសក្រហម ៣០០ម៉ែត្រ និងផ្លូវជាតិ ៧០ម៉ែត្រ។ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម០១ខ្សែ ចំនួន១១កន្លែង ប្រវែងសរុប១,២០០ម៉ែត្រ ផ្ទះចំនួន១៥ខ្នង និងដំណាំចំការប្រមាណ១០ហិកតា។ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម០១ខ្សែ ប្រវែង៣០០ម៉ែត្រ ដំណាំចំការប្រមាណ២៥ហិកតា ផ្ទះបងប្អូនប្រជាពលរដ្ឋ២៥ខ្នងផ្ទះ៕