(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការបញ្ជាទិញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន កំពុងតែមានការកើនឡើងខ្លាំង ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋចិនកំពុងមានការគាំទ្រខ្លាំង ចំពោះអង្ករកម្ពុជា។

ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក សុង សារ៉ន បានបញ្ជាក់ថា «អង្ករកម្ពុជា កំពុងមានការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋចិន ដែលធ្វើឲ្យកំណើននៃការនាំចេញអង្ករ កើនដល់៤០ភាគរយ។ មែនទែនទៅកំណើនគួរតែកើនជាង៥០ភាគរយ ប្រសិនបើមិនមានការរាំងស្ងួត»

ប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជាបានបន្ថែមថា «ខាងភាគីចិន បានបញ្ជាទិញអង្ករពីកម្ពុជាច្រើន ប៉ុន្ដែដោយសារតែមានបញ្ហារាំងស្ងួត ទើបយើងមិនអាចបំពេញតម្រូវការ ក្នុងការនាំចូលទៅប្រទេសចិនបាន ប៉ុន្ដែយើងរង់ចាំការច្រូតកាត់ ដោយឡែកយើងទើបតែបានច្រូកកាត់ក្នុងខែកញ្ញានេះ»

ទន្ទឹមគ្នានោះ លោក សុង សារ៉ន ក៏បានសោកស្ដាយ និងបានឃើញនូវបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ធ្វើឲ្យយើងមានការពន្យារ និងខូចខាតដល់កសិករ ព្រមទាំងសហគមន៍ផ្សេង ហើយសម្រាប់សមាជិក រោងម៉ាស៊ីនកិនស្រូវ ពុំមានលទ្ធភាពទិញបានដំណើរការកិន និងកែច្នៃនាំទៅប្រទេសចិន បានទាន់ពេលវេលានេះ។

ជាមួយគ្នានោះ ប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងផងដែរថា រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ ចិនមានការបញ្ជាទិញកើនឡើងជាង៤០ភាគរយ ទៅលើបរិមាណនាំចេញអង្ករកម្ពុជា ជាង៣៤ម៉ឺនតោន។

លោកថា យ៉ាងណាក៏ដោយយើងគិតថា ចិននៅតែបន្ដការទិញអង្ករពីយើងបន្ថែមទៀត ហើយសហព័ន្ធនឹងជជែកជាមួយភាគីចិន ដើម្បីរកវិធីសាស្រ្ដក្នុងការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ នៅរយៈពេល៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជាង៥០ប្រទេស ចំនួនជាង៣៤ម៉ឺនតោន។ ប្រទេសចិន នៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង១៣ម៉ឺនតោន។ រដ្ឋាភិបាលចិន បានផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោន។

គូសបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជិត៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕