(ព្រះវិហារ)៖ មេទ័ពខ្លាំង និងល្បីឈ្មោះប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ផ្កាយ៣ ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈបញ្ជាការសមូរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងកងទ័ពទាំងអស់ បានប្រកា
សកំចាត់ជនក្បត់ជាតិ សម រង្ស៊ី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត និងសុខសន្តិភាព ភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ការប្រកាសបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាសម្ភារៈ ថវិកា ដល់កងកម្លាំងឈរជើងតាមបណ្តោយព្រំដែនសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា កងកម្លាំងឈរជើងការពារព្រំដែនសមូរភូមិទិសទី១ប្រាសាទព្រះវិហារទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច រង់ចាំបទបញ្ជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចាំកំទេចជនក្បត់ជាតិ សម រង្ស៊ី និងប្តេជ្ញាការពារសុខសន្តិភាព ឱ្យបានជាដាច់ខាតជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
ដោយឡែកលោក ប្រាក់ សុវណ្ណ បានថ្លែថា ការជួបជុំសំណេះសំណាលនាថ្ងៃនេះ គឺសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីទំនាក់ទំនងកាន់តែជិតស្និទ កិច្ចសហប្រតិបត្តិការល្អប្រសើរ និងការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរខេត្ត ជាមួយបងប្អូនកងកម្លាំងឈរជើងជួរមុខ និងជួរក្រោយ ចំណុះកងពលធំអន្តរាគមន៍លេខ៣ និងកម្លាំងតាមបណ្តោយព្រំដែន ដែលមានភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ។
លោកអភិបាលខេត្តបានបន្តថា អ្វីដែលសំខាន់បំផុតនោះ គឺការថែរក្សាសន្តិសុខនៅតាមបណ្តោយបន្ទាត់ព្រំដែន ដូចដែលយើងបានដឹងហើយថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពារថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ នៅតាមបណ្តោយបន្ទាត់ព្រំដែន ដោយប្រែក្លាយតំបន់ព្រំដែនកម្ពុជា ថៃ ឡាវ ទៅជាព្រំដែនសន្តិភាពមានការអភិវឌ្ឍន៍ រក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្នា។
លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ប្រាប់កងកម្លាំងទាំងអស់ថា នៅចំពោះមុខនេះ អ្វីដែលយើងទាំងអស់គ្នាត្រូវការពារឱ្យបានដាច់ខាតនេះ គឺអំពើជនក្បត់ជាតិ សម រង្ស៊ី ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ យើងបានដឹងហើយថា ជនក្បត់ជាតិ សម រង្ស៊ី តែងតែញុះញង់ និងបង្កចលាចលដល់សង្គមជាតិជានិច្ច ក្រោមរូបភាពផ្សេងៗ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។
ហើយថ្មីៗនេះបុគ្គលនេះ ថែមទាំងប្រមាថដល់អង្គចេស្តារបស់ព្រះមហាក្សត្រថែមទៀតផង ដែលអង្គព្រះមហាក្សត្រ មិនអាចបុគ្គលណាមួយរំលោភបំពានបានឡើយ ដូច្នេះយើងទាំងអស់គ្នាពិតជាមិនអាចអត់អោនបានឡើយ ចំពោះទង្វើរបស់ជនក្បត់ជាតិនេះ យើងទាំងអស់គ្នាត្រូវបន្តរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕