(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Duan Daqi អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្នងការរងនគរបាលខេត្តជាំងស៊ូ នៃប្រទេសចិន លោក ZHAO JIANSHENG។
កិច្ចពិភាក្សាបានផ្តោតលើការរៀបចំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តព្រះសីហនុ តាមរយៈកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយខេត្តជាំងស៊ូ ដើម្បីការរៀបចំកសាងសុវត្ថិភាព ខេត្តព្រះសីហនុ, កិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ការបង្កើតការិយាល័យ សម្របសម្រួលចេញ ចូលតែមួយ និងការជួយបណ្តុះបណ្តាលធនធានមន្ត្រីនគរបាលកម្ពុជា និងការបំពាក់សម្ភារទំនើបដើម្បីកត្តាពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តព្រះសីហនុ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីសក្តានុពល នៃខេត្តទេសចរណ៍ព្រះសីហនុ ដែលនឹងក្លាយជាខេត្តទំនើបមួយ ស្ថិតក្នុងគម្រោងរៀបចំធ្វើផ្លូវ និងការដាក់ប្រព័ន្ធលូ ដែលរាជរដ្ឋាភិបាលបានសម្រេចនូវគម្រោងថវិកា សម្រាប់ការកសាងរួចមកហើយ។
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នាអនាគតគម្រោងសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ នឹងធ្វើឲ្យខេត្តដែលជាប់នឹងមាត់សមុទ្រនេះ ក្លាយជាខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបជាងគេ ក្នុងប្រទេសកម្ពុជា។
គណៈប្រតិភូចិន បានសម្តែងក្តីរីករាយពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងគម្រោងរៀបចំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ និងការសន្យាជួយបណ្តុះបណ្តាលធនធានមន្ត្រីនគរបាលកម្ពុជា ក៏ដូចជាការជួយបំពាក់សម្ភារបច្ចេកវិទ្យាកាមេរ៉ា និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខ ប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា នៃសម័យឌីជីថលនាបច្ចុប្បន្ន៕