Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកងមាស ខេត្តកំពង់ចាម, ដកហូតថ្នាំញៀន៤១កញ្ចប់ កាំភ្លើងហ្គាសមួយដើម

25-09-2019 12:22

(កំពង់ចាម)៖ មនុស្សចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកចំការលើ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ដទៀតថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាប នៅចំណុចភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស បានបើកកិច្ចប្រតិបត្តិការ០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។

បើតាមលោកស្នងការ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន ៤១កញ្ចប់, ទូរស័ព្ទចំនួន០៩គ្រឿង, កាំភ្លើងខ្លីមួយដើម (ប្រភេទប្រើហ្គាស), ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, សម្ភារវិចខ្ចប់មួយចំនួនធំ និងឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕