(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមសម្រុកចេញទៅស្រុកំណើតជាបណ្ដើរៗ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
តាមរយៈសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋមុនធ្វើដំណើរចាកចេញពីគេហដ្ឋាន ត្រូវពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីបង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំទៅកាន់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំ និងត្រូវរិះរកមធ្យោបាយ ឲ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ ការកើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, សាលាខណ្ឌទាំង១៤, មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចាត់វិធានការបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យកើតឡើង សម្ដៅរក្សាបាននូវសន្ដិភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕