(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ រួមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ញើញកាន់បិណ្ឌវេនទី១២ និងបាននាំយកទេយ្យវត្ថុ ថវិកាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តស្រីទេព ស្ថិតនៅភូមចារ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងពិធីនោះដែរលោក ឃឹង នុភាព និងលោក ឈុន ឈន់ រួមទាំងក្រុមការងារ និងប្រជាពលរដ្ឋ បានសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្លរ នំចំណី ជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។
លោក ឃឹង នុភាព និងលោក ឈុន ឈន់ បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
ការធ្វើបុណ្យបានពេញបរិបូណ៌នេះ គឺដោយសារប្រទេសជាតិមានសន្តិភាព មានសុវត្ថិភាព ដូច្នេះសូមឱ្យបងប្អូនថែរក្សានូវសន្តិភាពនេះឱ្យបានយូរអង្វែង ដើម្បីចូលរួមការធ្វើបុណ្យធ្វើទាន នឹងចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។ ជាមួយគ្នាដែរលោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយខិតខំបង្កបង្កើនផលនៅពេលរដូវសម្រកទៅវិញ ដើម្បីឲ្យជីវភាពគ្រួសារមានការកើនឡើង។
លោកទាំង២ បានបញ្ជាក់ទៀតថា នៅរដូវភ្ជុំបិណ្ឌនេះមានទឹកជំនន់កើតឡើងនៅក្នុងស្រុកប្រាសាទសំបូរ ដូច្នេះសូមឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះកុមារតូចៗ ក៏ដូចជាចាស់ជរា សូមឲ្យរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យធ្វើឲ្យសុខភាពកាន់តែប្រសើរ ហើយមួយវិញទៀត លោកក៏បានជំរុញដល់បងប្អូនទាំងអស់ ត្រូវមានសាមគ្គីភាពគ្នាល្អ។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ដែលរងវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាក។
ជាមួយគ្នាលោក ឃឹង នុភាព និងលោក ឈុន ឈន់ រួមទាំងក្រុមការងារ ក៏បានចែកជូនសម្ភារៈមួយចំនួនដល់លោកយាយ លោកតា និងចូលរួមបច្ច័យសាងសង់ចំនួន ៤លានរៀលផងដែរ៕