(ភ្នំពេញ)៖ ជម្លោះក្នុងគ្រួសារធ្ងន់ធ្ងរប្រហែលមិនអាចដោះស្រាយគ្នាបាន បុរសជាប្ដី ចាប់ប្រពន្ធរបស់ខ្លួនអារ-កសម្លាប់ចោល រួចអារ-កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ យិត ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មករោងចក្រ ស្រុកកំណើតភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់) ជនបង្កជាប្តីឈ្មោះ យា រិត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិរមាំងត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ដំណើររឿងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនាក់នេះបានឈ្លោះគ្នា តាំងពីម៉ោងប្រហែល២ភ្លឺ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែជនបង្កជាប្តី បានចាប់ប្រពន្ធអារ-កបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុបន្ទាប់មកជនបង្កបានអារ-កសម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរបួសធ្ងន់ និងបញ្ជូនទៅសង្រ្កោះនៅមន្ទីពេទ្យលោកសង្ឃ។
ចំណែកសពជនរងគ្រោះជាប្រពន្ធ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕