(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណំា តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកក្រឡាញ់ និងលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងតំបន់មួយចំនួនក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលរងផលប៉ះពាល់ ចំនួន៣ឃុំផ្សេងគ្នា។
លោកស្រី ម៉ននី រង្សី បានឱ្យដឹងថា មានឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់ បានទទួលរងគ្រោះដោយសារទឹកជំនន់ជន់លិច ដែលបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ ស្រូវ របស់ប្រជាពលរដ្ឋ និងខូចខាតផ្លូវលំមួយចំនួនក្នុងនោះ៖ នៅឃុំក្រូចគរ បានដាច់ស្ពាន ១កន្លែង ប្រវែង ២០ម៉ែត្រ, ទឹកហូរកាត់ផ្លូវលំប្រវែង ៣០០ម៉ែត្រ និងលិចស្រូវវស្សាចំនួន ៤០០ហិកតា, ឃុំស្នួល លិចស្រូវវស្សាប្រហែលចំនួន ៥៥០ហិកតា និងទឹកហូរកាត់ផ្លូវប្រវែង ១,៣០០ ម៉ែត្រ, និងនៅឃុំចន្លាស់ដៃ ទឹកជំនន់បានស្រកខ្លះជាបណ្ដើរៗវិញហើយ ។
លោកស្រីបានបន្តថា ក្នុងខណៈពេលដែលស្រុកក្រឡាញ់កំពុងទទួលរងគ្រោះដោយសារទឹកជំនន់នេះ បច្ចុប្បន្ននេះ រដ្ឋបាលស្រុក បាននឹងកំពុងយកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះមហន្តរាយនានាក្នុងស្រុកផងដែរ។ ក្នុងនោះដែរ អ្នកឧកញ៉ា សៀង ណំា ក៏បានដឹកនាំក្រុមការងារថ្នាក់ខេត្ត បានចុះដល់ទីតាំង ដែលទឹកជន់លិច ដោយផ្ទាល់ភ្លាមៗ ផងដែរ នៅភូមិព្រៃខ្យង និងភូមិរើល ក្នុងឃុំក្រូចគរ និងបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិព្រៃល្ងៀង ក្នុងឃុំស្នួល ដើម្បីពិភាក្សាគ្នា និងរិះរកវិធានការនានាជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។
គួររំលឹកថា ពាក់ព័ន្ធនឹងទឹកជំនន់នេះនៅក្នុងស្រុកអង្គរជុំ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កឱ្យមានទឹកជំនន់កើតឡើងចាប់តាំងពីម៉ោង ៨៖០០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានធ្វើឱ្យលិចសាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះប្រជាពលរដ្ឋ និងផ្លូវ ពិសេសបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៤២០ខ្នងនៅក្នុងឃុំដូនពេង ទទួលរងគ្រោះលិចទឹកនេះ ក្នុងនោះមានផ្ទះប្រមាណ ៣០០ខ្នង នៅក្នុងភូមិបេង និងភូមិខ្ចាស់ មានការលិចខ្លាំងជាងគេ ខណៈអ្នកជំងឺ ចំនួន៤២នាក់ ដែលស្នាក់នៅព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកអង្គរជុំ ត្រូវបានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យស្រុកពួក ហើយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងអាជ្ញាធរខេត្ត បានដឹកនាំកម្លាំងចម្រុះ មានអនុប្រធានមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងរាជអាវុធហត្ថស្រុក ប្រធានមន្ទីរបង្អែកអង្គរជុំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ នៅតំបន់មួយចំនួនក្នុងស្រុកអង្គរជុំ ភ្លាមៗផងដែរ៕