(ឧត្តរមានជ័យ)៖ ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងជាប្រធានមុខព្រួញទទួលខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដាប្រព័ន្ធធារាសាស្រ្តសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។
Facebook របស់ក្រសួងធនធានទឹក បានឲ្យដឹងថា ការចុះពិនិត្យស្ថានភាពនេះ ក៏មានការចូលរួមពី លោក ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ព្រមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យស្ថានភាពទឹកនេះ សម្រាប់ខេត្តឧត្តរមានជ័យ ទឹកមានស្ថានភាពបរិបូណ៌គ្រប់កន្លែង ប៉ុន្តែមិនបង្កការខូចខាតទេ ព្រោះកន្លែងដែលទឹកលិចខ្លាំង ក៏នៅមើលឃើញចុងស្រូវដែរ, សម្រាប់ខេត្តបន្ទាយមានជ័យ កន្លែងដែលធ្លាប់ប្រឈមខ្លាំងកន្លងមក ដូចជាស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ឥឡូវនេះមានទឹកបរិបូណ៌។ តែមានកន្លែងនៅស្ទើរបន្តិច ត្រង់ព្រំប្រទល់ស្រុកអូរជ្រៅ-ក្រុងសិរីសោភ័ណ តែក៏មានទឹកដក់ក្នុងស្រែខ្លះៗដែរ។
ដោយឡែក នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងស្រុកថ្មពួក មាននៅសល់ទឹកច្រើន ហើយទឹកទាំងនេះនឹងហូរធ្លាក់មកសំណង់អន្សងនាវ និងមួយផ្នែកទៀត ហូរត្រង់មកកាន់អាងត្រពាំងថ្មតែម្ដង។ ជារួមបើទោះបីពេលនេះ ជាអាងទឹកត្រពាំងថ្ម ទើបនឹងទទួលទឹកបានប្រមាណ៦០ភាគរយ ប៉ុន្តែក្នុងរង្វង់ពី៧-១០ថ្ងៃទៀត នឹងពេញអាង ខណៈបណ្ដាអាងទឹកដទៃទៀត ទាំងក្នុងខេត្តឧត្ដរមានជ័យ និងបន្ទាយមានជ័យ មានទឹកពេញអស់ហើយ។
សម្រាប់បញ្ហាប្រឈមវិញ ក្រសួងធនធានទឹក បានឲ្យដឹងថា មានតែអាងទឹកត្រពាំងវែង ស្ថិតក្នុងក្រុងសំរោងមួយប៉ុណ្ណោះ ដែលមានការប្រឈម ដោយមានរន្ធនាគច្រើន តែជាប្រភេទរន្ធនាគរាក់ៗ (៤-៦តឹក)។ ស្ថិតក្នុងសភាពការនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានធ្វើការអន្តរាគមន៍ជាបន្ទាន់ ដើម្បីស្ដារស្ថានភាពនេះឲ្យល្អប្រសើរឡើងវិញ៕