(ម៉ុងត្រេអាល់)៖ តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត ហ្វាង លូ (Fang Lui) អគ្គលេខាធិការ នៃអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដែលជាស្ថាប័នមួយរបស់ អង្គការសហប្រជាជាតិ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំមហាសន្និបាតលើកទី៤០ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។

មហាសន្និបាតលើកទី៤០ នៃអង្គការអាកាសចរស៊ីវិលអន្តរជាតិនេះ មានរដ្ឋជាសមាជិកចំនួន១៩៣ ប្រទេសចូលរួម។

ខ្លឹមសារសំខាន់នៃមហាសន្និបាតនេះ គឺផ្តោតសំខាន់ទៅលើការអនុម័ត គោលនយោបាយសកលសម្រាប់រយៈពេល០៣ឆ្នាំ (២០២០ ដល់ ២០២២) ខាងមុខ លើវិស័យអាកាសចរស៊ីវិលអន្តរជាតិ។

អង្គមហាសន្និបាត ក៏នឹងពិភាក្សាលម្អិតអំពីផ្នែកបច្ចេកទេស សេដ្ឋកិច្ច ច្បាប់ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវអាកាស ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខបានល្អជាងមុន ហើយក៏មានការពិភក្សាអំពីផែនការឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថានពិភពលោកទាំងមូលផងដែរ។ ជាការកត់សម្គាល់ មហាសន្និបាតលើកទី៤០នេះ ត្រូវបានប្រព្រឹត្តិទៅចំពេលគម្រប់ខួបលើកទី៧៥ឆ្នាំ នៃការរៀបចំឱ្យមានការហោះហើរដឹកជញ្ជូន ពាណិជ្ជកម្មតាមផ្លូវអាកាសអន្តរជាតិ។

លោកបណ្ឌិតរដ្ឋមន្ត្រី គ្រោងនឹងថ្លែងជម្រាបជូនអង្គមហាសន្និបាត អំពីភាពរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅប្រទេសកម្ពុជា និងបណ្តាកត្តាប្រឈមមួយចំនួន ក្នុងនាមជាប្រទេសតូច តែមានសក្តានុពលខ្ពស់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។ ក្រៅពីការចូលរួមហាសន្និបាតលើកទី៤០នេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏គ្រោងជួបប្រជុំទ្វេភាគី ជាមួយថ្នាក់ដឹកនាំគ្រប់គ្រង វិស័យអាកាសចរស៊ីវិល របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមជ្ឈិមបូព៌ា និងតំណាងអង្គការអាកាសចរស៊ីវិលអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបចេ្ចកទេស និងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាស ឱ្យបានល្អប្រសើរទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ តាមរយៈការផ្តល់សិទ្ធិប្រទាន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបណ្ឌិតរដ្ឋមន្ត្រី នឹងចូលរួមបោះឆ្នោតជ្រើសរើសបណ្តាប្រទេសជាមិត្ត ដែលឈរជាបេក្ខភាព ក្នុងតំណាងក្រុមប្រឹក្សាថ្មី នៃអង្គការអាកាសចរស៊ីវិលអន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០២០ដល់២០២២ នៅក្នុងមហាសន្និបាតលើកទី៤០នេះផងដែរ៕