(ប៉េកាំង-ចិន)៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន នាយឧត្តមសេនីយ៍ Wei Feng He ជាថ្មីម្ដងទៀត បានប្រកាសប្រាប់ភាគីកម្ពុជាថា ភាគីចិន នៅតែបន្ដគាំទ្រយ៉ាងពេញទំហឹង នូវរាល់អ្វីដែលកម្ពុជាកំពុងតែអនុវត្ត ពិសេសពាក់ព័ន្ធជាមួយការការពារអ្វីដែលជាផលប្រយោជន៍ស្របច្បាប់ របស់កម្ពុជាខ្លួនឯង។
ការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ដឹកនាំប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្ដ្រីការពារជាតិចិន បានលើកឡើងថា ចិន និងកម្ពុជា ពិតជាសមឈ្មោះជាមិត្តដែកថែប ក្រោមការដឹកនាំ និងបង្ហាញផ្លូវរបស់សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជិនពីង ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីក្នុងប្រវត្ដិសាស្ដ្រ ហើយទំនាក់ទំនងដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ប្រទេសកម្ពុជា បានទទួលផលផ្លែផ្កាថ្មីជាច្រើន។
រដ្ឋមន្ដ្រីការពារជាតិចិន បានអះអាងទៀតថា មូលដ្ឋានទំនាក់ទំនងមិត្តភាពកងទ័ពចិន និងកម្ពុជាកាន់តែក្រាស ហើយយន្ដការទំនាក់ទំនងកាន់តែស៊ីជម្រៅ និងពេញលេញ ដោយបាននាំមុខគេលើការងារយោធា ហើយប្រទេសចិន នឹងគាំទ្រប្រទេសកម្ពុជា ដើរលើផ្លូវស្របតាមសភាពការណ៍ជាក់ស្ដែង និងគាំទ្រកម្ពុជា ដែលការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនឯង។
រដ្ឋមន្ដ្រីការពារជាតិចិន បង្ហាញការរីករាយសហការជាមួយភាគីកម្ពុជា និងខិតខំជាមួយគ្នា ដើម្បីអនុវត្តគោលនយោបាយ ដែលសម្រេចដោយមេដឹកនាំ រវាងប្រទេសទាំងពីរ ហើយបន្ដពង្រឹងមិត្តភាពប្រពៃណី ធ្វើឲ្យកាន់តែស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចសហការការពារជាតិ កសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា ដែលពោរពេញដោយលក្ខណៈយុទ្ធសាស្ដ្រ រួមចំណែកសម្រាប់សន្ដិភាព វិបុលភាព និងសន្ដិសុខនៃតំបន់។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសម្ដែងនូវការអបអរសាទរចំពោះបុណ្យជាតិ៧០ឆ្នាំ នៃប្រទេសចិន ដែលភាគីកម្ពុជា អរគុណដល់រាជរដ្ឋាភិបាល និងប្រជាជន ចិនដែលបានផ្ដល់ការគាំទ្រពេញទំហឹង ហើយកាន់តែរីករាយក្នុងការគាំទ្រគ្នាទៅវិញទៅមក ធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត។
ក្នុងឱកាសនោះ ភាគីកម្ពុជា-ចិន ក៏បានឯកភាពគ្នា ផ្លាស់ប្ដូរគណៈប្រតិភូយោធាជាន់ខ្ពស់ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើសមយុទ្ធ ឬលំហាត់យោធារួមគ្នា ដែលសុទ្ធតែជាកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលនឹងនាំផលប្រយោជន៍ និងសុភមង្គលរួមដល់ប្រជាជន នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីក នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសផ្នែកយោធា៕