(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារគាំទ្រ ស្តីពីការចូលរួមទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ។
ក្នុងសារគាំទ្រនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា«ក្នុងនាមជារង្វង់ភាពជាអ្នកដឹកនាំ ខ្ញុំអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រយ៉ាងខ្លាំងក្លា និងការអនុវត្តនូវគោលនយោបាយ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ព្រមទាំងចូលរួមជាមួយសមាជិកដទៃទៀត ដើម្បីទប់ស្កាត់នូវអំពើបែបនេះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ដោយទទួលស្គាល់ថាអ្នកថែរក្សាសន្តិភាព ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជន កងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនានា នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង, ស៊ូដង់, Cyprus, លីបង់ និងម៉ាលី បានប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរ និងសីលធម៌ខ្ពស់ ក៏ដូចជាវិន័យដ៏តឹងតែង។
សម្តេចតេជោបានបន្ថែមថា ទោះបីជាបទល្មើសរបស់ពួកគេ ជាការទទួលខុសត្រូវរួមរបស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកក៏ដោយ ជនល្មើសដែលបានប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ ត្រូវតែទទួលខុសត្រូវដោយផ្ទាល់ ចំពោះមុខច្បាប់ ចំពោះទង្វើរបស់ពួកគេ៕