(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានប្រកាសថា ការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នាវេទិកាអុំទូក តាមបណ្តោយស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ចូលរួមប្រគួតប្រជែង ការប្រឡងប្រណាំងនៅថ្នាក់ជាតិ។ ការប្រកាសរបស់លោក ម៉ៅ ធនិន ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត។
ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់គ្រប់មន្ទីរអង្គភាព វត្តអារាម និងវិស័យឯកជន ដែលត្រូវចូលរួមប្រកួតប្រជែងការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ ត្រូវត្រៀមកម្លាំងឲ្យបានរួចរាល់ ដែលមានចំណុះទូកមិនលើសពី២២នាក់។ លោកក៏បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់មន្ទីរអង្គភាព វត្តអារាម វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ ដើម្បីបង្កើនភាពសប្បាយនៅក្នុងខេត្តរបស់យើង ឲ្យអធឹកអធមជាងឆ្នាំកន្លងទៅ។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក «ង» ខ្នាតអន្តរជាតិ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំជាលើកទី១ នៅក្នុងឆ្នាំ២០១៨ ដោយមានទូកចូលរួមប្រកួតចំនួន ១៣គូ និងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រហូតទៅដល់ជាង ៥ម៉ឺននាក់ ហើយក៏ជាឆ្នាំប្រវត្តិសាស្ត្រផងដែរ សម្រាប់ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមគំនិតផ្តួចផ្តើមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ សម្រាប់ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នៅតែបន្តរៀបចំការប្រណាំងទូក «ង» ខ្នាតអន្តរជាតិជាលើកទី២ បន្ថែមទៀត ដែលពិធីនេះនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នាវេទិកាអុំទូក តាមបណ្តោយស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក។
នេះដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាស បានប្រារព្ធពិធីបុណ្យផ្សេងៗ ជាក់ស្តែងដូចជាពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះ ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងបានដើរលេងកម្សាន្ត ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់៕