(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និងសម្រកក្បាលពោះ ដលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាលើកទី៣ ដែលមានសមាជិកជាប់ឈ្មោះ ត្រូវចូលរួមហ្វឹកហាត់ ចំនួន១៨១ នាក់ បានជ្រើសរើសចេញពីអាវុធហត្ថរាជធានីភ្នំពេញទាំងមូល។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់ថា កម្មវិធីសម្រកទម្ងន់ និងសម្រកក្បាលពោះលើកទី៣នេះ គឺធ្វើឡើង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ព្រោះថាការសម្រកទម្ងន់ ឬការសម្រកក្បាលពោះ គឺដើម្បីមានតុល្យភាពរាងកាយ ជៀសវាងបាននូវជំងឺផ្សេងៗដែលបណ្តាលមកពីការលើសទម្ងន់ ឬការធាត់ខ្លាំង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានស្នើឲ្យសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ ត្រូវចូលរួមហ្វឹកហាត់ ក្នុងកម្មវិធីសម្រកទម្ងន់ និងសម្រកក្បាលពោះនាពេលនេះទាំងអស់ សូមមានភាពអំណត់អត់ធ្មត់ឲ្យបានច្រើន កុំធុញទ្រាន់ កុំខ្ជិល មិនថារបបអាហារ ឬលំហាត់ប្រាណ ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់គ្រូឧទ្ទេស។
ការជ្រើសអ្នកលើសទម្ងន់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តន៍ គឺមិនមែនគ្រាន់តែពិនិត្យនឹងភ្នែក ចំពោះអ្នកធាត់ ឬអ្នកដុះក្បាលពោះនោះទេ ការជ្រើសរើសនេះធ្វើឡើងតាមរយៈការវាស់កម្ពស់ និងថ្លឹងទម្ងន់ ដោយរកសន្ទស្សន្ទតុល្យភាពរាងកាយ តាមរូបមន្ត ទម្ងន់គិតជាគីឡូក្រាម ចែកឲ្យកម្ពស់គិតជាម៉ែត្រស្វ័យគុណ២ ប្រើសិនបើលទ្ធផលនៅចន្លោះ១៨.៦ដល់២៤.៩ ចាត់ទុកថាមានសុខភាពល្អ, បើលទ្ធផលចន្លោះ ២៥ដល់២៩.៩ ចាត់ទុកថាលើសទម្ងន់ តែបើលទ្ធផលធំជាង៣០ ចាត់ទុកថាជាអ្នកធាត់គួរឲ្យបារម្ភ ដូច្នេះអ្នកដែលជាប់ឈ្មោះជា អ្នកលើសទម្ងន់ អ្នកធាត់ និងអ្នកដុះក្បាលចុះ គឺត្រូវមានឈ្មោះ ចូលរួមហ្វឹកហ្វាត់៕