(អូស្ត្រាលី)៖ ប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ បានជួបបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលសារពើពន្ធអូស្ត្រាលី ដោយមានលោក Adrian Preston-Loh ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ លោកស្រី Gabrielle Jackson ប្រធាននាយកដ្ឋានទទួលបន្ទុកអន្តរជាតិនិងសាធារណៈ, លោក Andrew Ditchfield ប្រធាននាយកដ្ឋានទទួលបន្ទុកការគ្រប់គ្រងហានីភ័យសហគ្រាស, លោកស្រី Helen Konstantinidis ប្រធាននាយកដ្ឋានទទួលបន្ទុកសេវាអតិថិជន នៃរដ្ឋបាលសារពើពន្ធអូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី «ពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល ពន្ធលើប្រាក់ចំណេញមូលធន និងប្រព័ន្ធផ្ទៀងផ្ទាត់បង្វិលសងអាករលើតម្លៃបន្ថែម និងឥណទានយោង»

ដំណើរទស្សនកិច្ចនាឱកាសនេះ គឺមានគោលដៅសិក្សាស្វែងយល់អំពីមេរៀនបទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធនឹង ច្បាប់និងបទប្បញ្ញត្តិ និងហេដ្ឋាររចនាសម្ព័ន្ធរូបវ័ន្តបច្ចេកវិទ្យាព័ត៌មាន គាំទ្រក្នុងការរៀបចំគ្រប់គ្រងប្រមូលពន្ធជាពិសេសពាក់ព័ន្ធនឹងការងារប្រមូលចំណូលអាករលើតម្លៃបន្ថែម (DGT/VAT) របស់រដ្ឋបាលសារពើពន្ធអូស្ត្រាលី ព្រមទាំងការស្វែងយល់អំពីបញ្ហាប្រឈមនានាក្នុងការអនុវត្ត និងដំណោះស្រាយនានា ដើម្បីជាធាតុចូលគ្រប់ជ្រុងជ្រោយ និងជាមូលដ្ឋានសម្រាប់ក្នុងការ បន្តការធ្វើកំណែទម្រង់នូវរដ្ឋបាល បទប្បញ្ញត្តិសារពើពន្ធ និងជាពិសេសការធ្វើទំនើបកម្មពន្ធដារ ក្នុងស្មារតីបុរេសកម្មក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្ររយៈពេល ០៥ ឆ្នាំ (២០១៥-២០២៣) និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ឱ្យសម្រេចបានជោគជ័យ ប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទើបតែបានបញ្ចប់ការអនុវត្តនូវយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ដោយបានធ្វើកំណែទម្រង់នូវរដ្ឋបាល បទប្បញ្ញត្តិសារពើពន្ធ និងជាពិសេសការធ្វើទំនើបកម្មពន្ធដារ ដោយបានស្តែងចេញនូវការរក្សា បាននូវគ្រប់គ្រងប្រមូលចំណូលពន្ធគ្រប់ និងលើសផែនការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១២ រហូតមក។ សម្រាប់រយៈពេល ០៥ ឆ្នាំទៅមុខ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ០៥ ឆ្នាំ (២០១៥-២០២៣) ដោយស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដែលបានដោយចេញឱ្យអនុវត្តដោយរាជរដ្ឋាភិបាលនៃកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ នឹងអាចធ្វើការវាយតម្លៃអំពី និងផ្ទៀងផ្ទាត់ថា កិច្ចកំណែទម្រង់ និងការធ្វើទំនើបកម្មពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ កំពុងសិ្ថតនៅលើមាគ៌ា និងនិន្នាការវិវត្តរបស់រដ្ឋបាលសារពើពន្ធ នៃប្រទេសអភិវឌ្ឍន៍ ជាពិសេស រដ្ឋបាលសារពើពន្ធអូស្ត្រាលី។

ជាមួយគ្នានេះដែរ រដ្ឋបាលសារពពន្ធអូស្ត្រាលី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលសារពើពន្ធកម្ពុជា ចំពោះការអនុវត្តប្រព័ន្ធបង្វិលសងតាមប្រព័ន្ធអនឡាញ (E-VAT Refund) ដែលនេះជាការបោះជំហានដ៏ប្រសើរនិងឈានមុខមួយក្នុងប្រព័ន្ធពន្ធដារ។

គណៈប្រតិភូពន្ធដារកម្ពុជា នឹងបន្តជួបជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃរដ្ឋបាលសារពើពន្ធអូស្ត្រាលី ជាបន្តទៀតក្នុងអំឡុងពេលស្នាក់នៅនិងដំណើរទស្សនកិច្ចរបស់ខ្លួន៕