(បន្ទាយមានជ័យ-បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលសកម្មភាព ការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ របស់រោងម៉ាស៊ីនកិនស្រូវ កៅ ង៉ែត, រោងម៉ាស៊ីន ឡាយ ស៊ែ និងធនាគារស្រូវ ដែលមានភូមិសាស្ត្រ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
តាមរយៈសកម្មភាព នៃការចុះពិនិត្យផ្ទាល់របស់លោក កៅ ថាច ដល់មូលដ្ឋានផ្ទាល់នេះ ធនាគារអភិវឌ្ឍន៍ជនបទ សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាកសិករថា ដើម្បីជៀសវាងការបង្អាប់ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន បងប្អូនប្រជាកសិករ គួរផ្អាកការច្រូតកាត់ប្រមូលផលស្រូវ ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមូលហេតុរោងម៉ាស៊ីនធំៗមួយចំនួន ដែលទទួលទិញស្រូវពីបងប្អូនប្រជាកសិករតាមតំលៃទីផ្សារ នឹងផ្អាកសកម្មភាព កិន- ទិញ-លក់-របស់ខ្លួន ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនបានឈប់សម្រាក់ ដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ខាងមុខនេះ។
ធនាគារអភិវឌ្ឍន៍ជនបទ បានសង្កត់ធ្ងន់ថា «ដើម្បីជៀសវាងការទំលាក់តំលៃស្រូវ ពីឈ្មួញខិលខូចក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនគួរបង្អង់ការច្រូតកាត់សិន រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ចាំបងប្អូនធ្វើការប្រមូលផលស្រូវ»៕