(ភ្នំពេញ)៖ ខណៈរដូវបុណ្យភ្ជុំបិណ្ឌរោងម៉ាស៊ីនកិនស្រូវ ប្រមាណជា៨០% បានបិទទ្វារឈប់សំរាក ជាហេតុធ្វើឲ្យឈ្មួញមួយចំនួនឆ្លៀតឱកាសទំលាក់ថ្លៃស្រូវ។ ជាមួយនឹងបញ្ហានេះសហព័ន្ធស្រូវអង្ករ សូមអំពាវនាវដល់ប្រជាកសិករ ដែលមានស្រូវគុណភាពល្អ កុំប្រញាប់លក់ពេក សូមទាក់ទងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ ដែលនៅជិតបំផុតខ្លួន។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញអំពីតម្លៃស្រូវ ដែលរោងម៉ាស៊ីនកិនស្រូវទិញចូល ប្រភេទពូជសែនក្រអូប នៅខាងតំបន់បាត់ដំបងថា៖
១៖ គុណភាពប្រភេទលេខមួយ តំលៃគិតជាលុយបាត ក្នុងមួយគីឡូក្រាមគឺ៨,៤ ទៅ៨,៥បាត
២៖ គុណភាពប្រភេទលេខ២ គឺ ចន្លោះ ពី៨ទៅ៨,១បាត
៣៖ គុណភាពប្រភេទលេខ៣ គឺចន្លោះពី៧ទៅ៧,៥បាត
៤៖ គុណភាពប្រភេទលេខ៤ គឺក្រោម៦,៥បាត។
ក្រៅអំពីការបិទទ្វាររបស់រោងម៉ាស៊ីនកិនស្រូវ ដែលបណ្ដាលឲ្យឈ្មួញមានឱកាសទម្លាក់តម្លៃស្រូវនេះ ក្នុងនោះក៏គួបផ្សំដោយសារប្រជាកសិករប្រញាប់ច្រូតកាត់ ស្រូវមិនទាន់ទុំល្អ និងដើម្បីបញ្ចៀសទឹកលិច។ សូមជម្រាបថា ក្នុងករណីខ្វះខាតព័ត៌មានសូមទាក់ទងមក សហព័ន្ធស្រូវអង្ករកម្ពុជា តាមលេខទូរស័ព្ទ៖ ០១៧ ៧២ ៨៧ ២៨។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលកំពុងស្ថិតនៅក្នុងខេត្តបាត់ដំបង ដើម្បីចុះពិនិត្យមើលការប្រមូលផលស្រូវ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះថា ពេលនេះការប្រមូលផលស្រូវ របស់ប្រជាកសិករបានដល់ចុងរដូវ នៅតំបន់ខ្លះនៃខេត្តបាត់ដំបង ខណៈដែលតំបន់ខ្លះទៀតកំពុងចាប់ផ្តើមប្រមូលផល ហើយដល់រដូវភ្ជុំទៀតនោះធ្វើឲ្យកម្មករ ក្នុងរោងម៉ាស៊ីនខ្វះខាត ទើបរោងម៉ាស៊ីន សម្រាកឈប់ប្រមូលទិញស្រូវ ពីប្រជាកសិករដែលជាហេតុនាំឲ្យតម្លៃ មានការស្រុតចុះបន្ដិច ប៉ុន្ដែមិនស្រុតចុះរហូត ដល់ប្រជាកសិករខាតបង់ឡើយ។
លោក កៅ ថាច បានបញ្ជាក់ទៀតថា តម្លៃបច្ចុប្បន្នស្រូវល្អមានតម្លៃជាង៨បាត ដែលតម្លៃនេះជាតម្លៃល្អ សម្រាប់ផ្ដល់ផលចំណេញទាំងកសិករ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ។ ដោយឡែកចំពោះស្រូវដែលធ្លាក់ដល់តម្លៃជាង៦បាតនោះ គឺស្រូវដែលខូចគុណភាពដោយសារការរាំងស្ងួតប៉ុណ្ណោះ៕